អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី១១ ខែមេសា) បានឲ្យដឹងថា រដ្ឋបាលរបស់លោក Donald Trump បានបញ្ជាប់ការទទួលបានសិទ្ធិមិនឲ្យនិរទេសបណ្តោះអាសន្ន សម្រាប់ជនជាតិអាហ្វហ្គានីស្ថាន និងកាមេរូនរាប់ពាន់នាក់ នៅសហរដ្ឋអាមេរិក ជាការសម្រេច ដើម្បីពង្រីកបន្ថែមការបង្ក្រាបកាន់តែទូលំទូលាយរបស់លោក Trump លើជនអន្តោប្រវេសន៍។
ជនជាតិអាហ្វហ្គានីស្ថានប្រមាណ ១៤.៦០០នាក់ដែលមានសិទ្ធិទទួលបានខឋានៈត្រូវបានការពារបណ្តោះអាសន្ន (TPS) ឥឡូវនេះ នឹងបាត់បង់សិទ្ធិនោះ នៅក្នុងខែឧសភា។ ចំណែកប្រជាជនកាមេរូនប្រមាណជា ៧.៩០០នាក់ បានទទួលឋានៈនេះ ប៉ុន្តែនឹងបាត់បង់ នៅក្នុងខែមិថុនា ក្រោមចំណាត់ការបញ្ចប់នេះ។
ប្រធានាធិបតីអាមេរិក លោក Trump មកពីគណបក្សសាធារណរដ្ឋ បានឡើងកាន់តំណែង កាលពីខែមករា ដោយសន្យាថា នឹងនិរទេសជនអន្តោប្រវេសន៍ចំនួនដ៏ច្រើនបំផុត ដែលរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់។ ក្នុងពេលជាមួយគ្នានេះ លោកបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីដកហូតសិទ្ធិទទួលបានការការពារផ្លូវច្បាប់បណ្តោះអាសន្នពីជនអន្តោប្រវេសន៍ ដែលធ្វើឲ្យអាចមាននិរទេសកាន់តែច្រើន។
កម្មវិធី TPS មានសម្រាប់ប្រជាជនដែលប្រទេសកំណើតរបស់ពួកគេ ជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិ ជម្លោះប្រដាប់អាវុធ ឬព្រឹត្តិការណ៍ធ្ងន់ធ្ងរខុសពីធម្មតាផ្សេងទៀត។ ឋានៈនេះមានរយៈពេលពី ៦ខែ ទៅ ១៨ខែ អាចត្រូវបានបន្តដោយរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ ហើយផ្តល់សិទ្ធិត្រូវបានការពារការនិរទេស និងមានលទ្ធភាពទទួលបានប័ណ្ណការងារ៕