
រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Wang Wentao បាននិយាយថា ការដាក់អត្រាពន្ធគយជាបន្តបន្ទាប់ដោយសហរដ្ឋអាមេរិក នឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយថែមទាំងអាចបង្កឲ្យមានវិបត្តិមនុស្សធម៌ទៀតផង។
អំឡុងពេលនិយាយទៅលោកស្រី Ngozi Okonjo អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) តាមរយៈវីដេអូ កាលពីថ្ងៃសុក្រ (ទី១១ ខែមេសា) លោក Wang បានប្រាប់ថា «វិធានការតបយ៉ាងម៉ឺងម៉ាត់» របស់ប្រទេសចិន គឺដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ហើយក៏ដើម្បីបន្តរក្សាភាពត្រឹមត្រូវ និងយុត្តិធម៌ នៅក្នុងសហគមន៍អន្តរជាតិផងដែរ។
ដោយត្រូវបានដកសម្រង់សម្ដីដូចដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃសៅរ៍ (ទី១២ ខែមេសា) នេះ លោក Wang បាននិយាយថា សមាជិក WTO គួរតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងភាពឯកតោភាគីនិយម គាំពារនិយម និងការអនុវត្តគំរាមកំហែង ដោយមាននូវកិច្ចសហប្រតិបត្តិការបើកចំហ និងពហុភាគីនិយម។

លោកបានបន្តថា ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ប្រឈមនឹងហានិភ័យខ្លាំងបំផុតមួយចំនួន ដោយសារអត្រាពន្ធរបស់សហរដ្ឋអាមេរិក។ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត លោក Wang ក៏បានជជែកតាមវីដេអូផងដែរ ជាមួយលោក Geraldo Alckmin ដែលជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មបរទេសរបស់ប្រទេសប្រេស៊ីល។
ហើយយោងតាមក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ភាគីទាំង២ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាជាច្រើន ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសចិន និងប្រេស៊ីល ហើយនិងការឆ្លើយតបទៅនឹងពន្ធគយដែលដាក់ដោយសហរដ្ឋអាមេរិក៕