
ក្រុមមន្ត្រី នៅថ្ងៃសៅរ៍ (ទី១២ ខែមេសា) នេះ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៦៩នាក់ បានបាត់បង់ជីវិត នៅក្នុងសប្តាហ៍នេះ អំឡុងពេលមានព្យុះផ្គររន្ទះដ៏ខ្លាំងក្លាខុសពីធម្មតា នៅទូទាំងរដ្ឋ Bihar ភាគខាងកើតនៃប្រទេសឥណ្ឌា និងនៅក្នុងប្រទេសជិតខាងនេប៉ាល់។
ក្នុងពេលដែលទឹកជំនន់យ៉ាងគំហុកភ្លាមៗ និងរន្ទះ បានសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងមួយឆ្នាំៗ អ្នកវិទ្យាសាស្ត្របានព្រមានថា ការកើនឡើងនូវសីតុណ្ហភាពពិភពលោក កំពុងធ្វើឲ្យមានឧប្បត្តិហេតុអាកាសធាតុធ្ងន់ធ្ងរជាបន្តបន្ទាប់។
អាជ្ញាធរគ្រោះមហន្តរាយរដ្ឋ Bihar បានឲ្យដឹងនៅថ្ងៃទី១២ ខែមេសានេះថា យ៉ាងហោចណាស់មនុស្ស ៦១នាក់ បានស្លាប់អំឡុងពេលមានព្យុះអមដោយផ្គរ និងរន្ទះខ្លាំង កាលពីថ្ងៃទី១០ និងទី១១ ខែមេសា។ មន្ត្រីគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មាន AFP ថា នៅប្រទេសជិតខាងនេប៉ាល់ មានអ្នកស្លាប់ ៨នាក់ទៀត ដោយបញ្ជាក់ថា ពួកគេត្រូវបាន «រន្ទះបាញ់» កាលពីថ្ងៃទី៩ និងទី១០ ខែមេសា។

គួររំលឹកថា កាលពីឆ្នាំមុន អ្នកជំនាញបានព្រមានថា បម្រែបម្រួលអាកាសធាតុកំពុងជំរុញឲ្យមានការកើនឡើងដ៏គួរឲ្យព្រួយបារម្ភនូវហេតុការណ៍ស្លាប់ដោយរន្ទះបាញ់ នៅប្រទេសឥណ្ឌា ពោលជាព្រឹត្តិការណ៍សម្លាប់មនុស្សជិត ១.៩០០នាក់ ក្នុងមួយឆ្នាំ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកមួយនេះ៕