មន្ត្រីអ៊ុ
យក្រែន នៅថ្ងៃសៅរ៍ (ទី១២ ខែមេសា) នេះ បានប្រាប់ឲ្យដឹងថា រុស្ស៊ីបានបើកការបាញស្រោចនូវយានដ្រូនជាច្រើនគ្រឿង អំឡុងការវាយប្រហារនាពេលយប់លើអ៊ុយក្រែន ដោយបានបណ្ដាលឲ្យមនុស្ស ៤នាក់រងរបួស និងបង្កការខូចខាតដល់អគារលំនៅឋាន និងពាណិជ្ជកម្ម នៅក្នុងទីក្រុងគីវ និងតំបន់ផ្សេងទៀតរបស់ប្រទេស។
ជាមួយគ្នានេះ កងទ័ពអាកាស បានឲ្យដឹងថា កងកម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនរុស្ស៊ីចំនួន ៥៦គ្រឿង ក្នុងចំណោម ៨៨គ្រឿង។ អង្គភាពនេះបានបន្ថែមថា យានដ្រូនចំនួន ២៤គ្រឿង មិនបានប្រតិបត្តិការដល់គោលដៅ ខណៈដែលយោធាបានប្រើសង្រ្គាមអេឡិចត្រូនិក ដើម្បីប្តូរទិសយានដ្រូនទាំងនោះ។
អភិបាលក្រុងគីវ លោក Vitali Klitchko បាននិយាយថា មនុស្ស ៣នាក់បានរងរបួសនៅក្នុងរដ្ឋធានីនេះដោយសារការវាយប្រហារពីយានដ្រូន។ ហើយក្រុមមន្ត្រីរបស់ទីក្រុងនេះ បានឲ្យដឹងថា បំណែកកម្ទេចកម្ទីយានដ្រូន ក៏បានធ្វើឲ្យផ្ទះឯកជនមួយខ្នងខូចខាត និងបានបំផ្លាញអគារពាណិជ្ជកម្មជាច្រើនខ្នងផងដែរ ដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅតំបន់ផ្សេងៗរបស់ទីក្រុងគីវ។

ចំណែកអភិបាលក្រុង Kharkiv លោក Ihor Terekhov បានប្រាប់ថា មនុស្សម្នាក់ទៀត បានរងរបួសនៅក្នុងទីក្រុង Kharkiv ភាគឦសាន។ មន្ត្រីក្នុងតំបន់ ក៏បានឲ្យដឹងផងដែរថា អគារលំនៅឋាន និងពាណិជ្ជកម្ម ត្រូវរងខូចខាត នៅកណ្ដាលតំបន់ Dnipropetrovsk ហើយយោធាបានរាយការណ៍ពីការខូចខាត ក្នុងតំបន់ Odesa ភាគខាងត្បូង៕