
ប្រទេសអាល្លឺម៉ង់ និងអង់គ្លេស កាលពីថ្ងៃសុក្រ (ទី១១ ខែមេសា) បានផ្ញើសារទៅកាន់រុស្ស៊ីថា អ៊ុយក្រែននឹងអាចបន្តការប្រយុទ្ធរបស់ខ្លួន ដោយសារការគាំទ្ររបស់លោកខាងលិច ទោះបីជាសហរដ្ឋអាមេរិក បានជំរុញឲ្យមានការចរចាជាមួយទីក្រុងមូស្គូក៏ដោយ។
ជាលើកដំបូង មហាអំណាចអឺរ៉ុបទាំង២ បានរួមគ្នាដឹកនាំកិច្ចប្រជុំនៃក្រុមបណ្តាប្រទេសចំនួន ៥០ ដែលមានឈ្មោះថា Ramstein ជាក្រុមដែលបង្កើតឡើងដើម្បីផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានបោះបង់តួនាទីប្រធាននៃជំនួបនេះ ហើយប្រទេសទាំង២ បានលើកឡើងថា ពួកគេមិនអាចរកឃើញសញ្ញាណាមួយដែលបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនឲ្យមានសន្តិភាពនោះទេ។
ក្នុងពេលដែលបណ្ដាប្រទេសទាំងនោះជួបប្រជុំគ្នា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លោក Steve Witkoff បានឡើងយន្តហោះធ្វើដំណើរទៅប្រទេសរុស្ស៊ី ជាអ្វីដែលទំនងជាទៅពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា៖ «ដោយសារការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន នៅបន្តមាន យើងត្រូវទទួលស្គាល់ថា សន្តិភាពនៅអ៊ុយក្រែន ហាក់ដូចជាមិនអាចឈានដល់ក្នុងពេលអនាគតដ៏ខ្លីនេះឡើយ»។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន ទាំងលោក Pistorius និងសមភាគីអង់គ្លេសរបស់លោក គឺលោក John Healey បានព្យាយាមធានាឡើងវិញដល់អ៊ុយក្រែនថា ការគាំទ្រផ្នែកយោធារបស់លោកខាងលិច នឹងស្ថិតស្ថេរមិនប្រែប្រួលឡើយ។
លោក Pistorius បានសង្កត់ធ្ងន់ថា៖ «យើងនឹងធានាឲ្យបានថា អ៊ុយក្រែនបន្តទទួលបានអត្ថប្រយោជន៍ពីការគាំទ្រផ្នែកយោធារួមរបស់យើង។ រុស្ស៊ីត្រូវដឹងថា អ៊ុយក្រែនអាចបន្តការប្រយុទ្ធ ហើយយើងនឹងគាំទ្រការប្រយុទ្ធនោះ។ អ៊ុយក្រែនអាចពឹងផ្អែកលើពួកយើងបាន»៕