
រដ្ឋបាលក្រុងបាងកក (BMA) នៅថ្ងៃសៅរ៍ (ទី១២ ខែមេសា) បានផ្ដល់របាយការណ៍ថា មនុស្សសរុបចំនួន ៣២នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ ខណៈ ៦២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីអគារកម្ពស់ ៣០ជាន់ នៅសង្កាត់ Chatuchak ទីក្រុងបាងកក បានបាក់រលំ។
អគារការិយាល័យសវនកម្មរដ្ឋ (SAO) ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ នៅលើផ្លូវ Kamphaeng Phet 2 បានបាក់រលំ កាលពីថ្ងៃទី២៨ ខែមីនា ដោយសារតែរងប៉ះពាល់ពីការរញ្ជួយដីកម្រិត ៨,២រ៉ិចទ័រ នៅជិតទីក្រុង Mandalay របស់សហភាពមីយ៉ាន់ម៉ា ដោយមានកម្មករជាងមួយរយនាក់ជាប់នៅខាងក្នុងនោះ។
មន្ត្រីរបស់រាជធានីរបស់ប្រទេសថៃមួយនេះ បានឲ្យដឹងថា សព ២នាក់បន្ថែមទៀត ត្រូវបានរកឃើញនៅតំបន់ C កាលពីថ្ងៃទី១១ ខែមេសា ដែលជាថ្ងៃទី១៥ នៃបេសកកម្មស្វែងរក និងជួយសង្គ្រោះ។ BMA បានរាយការណ៍ពីជនរងគ្រោះសរុបចំនួន ១០៣នាក់ ដោយសារឧបទ្ទវហេតុនេះ។ ក្នុងនោះមានមនុស្ស ៣២នាក់ ត្រូវបានបញ្ជាក់ថា បានបាត់បង់ជីវិត ៩នាក់បានរងរបួស និង ៦២នាក់ នៅបាត់ខ្លួន។

នៅពីមុខតំបន់នៃអគារបាក់រលំ មន្ត្រីមកពីផ្នែកវិទ្យាសាស្ត្រកោសល្យវិច្ច័យ នាយកដ្ឋានស៊ើបអង្កេតពិសេស មន្ទីរសាធារណការ និងផែនការក្រុង រួមជាមួយនឹងតំណាងមកពីក្រុមហ៊ុន China Railway លេខ 10 ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនម៉ៅការអគារ SAO នេះ បានចុះដល់ទីតាំង ដើម្បីធ្វើការត្រួតពិនិត្យ នៅថ្ងៃទី១២ ខែមេសា៕