រដ្ឋបាលអាមេរិក បានផ្តល់ការលើកលែងពន្ធលើការនាំចូលស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកផ្សេងទៀតដែលផ្គត់ផ្គង់ដោយប្រទេសចិនភាគច្រើន ពោលគឺឲ្យរួចផុតពីអត្រាពន្ធគយដ៏ធ្ងន់ធ្ងរចំនួន ១២៥ភាគរយរបស់លោកប្រធានាធិបតី Donald Trump។

នៅក្នុងការជូនដំណឹងដល់អ្នកដឹកជញ្ជូនដែលបានចេញកាលពីល្ងាចថ្ងៃសុក្រ (ទី១១ ខែមេសា) ទីភ្នាក់ងារគយ និងការពារព្រំដែន (CBP) របស់សហរដ្ឋអាមេរិក បានចេញផ្សាយបញ្ជីលេខកូដពន្ធដែលនឹងត្រូវបានដកចេញពីកាតព្វកិច្ចបង់ពន្ធនេះ។ ការលើកលែងនេះ គឺមានប្រសិទ្ធភាព ចំពោះទំនិញទាំងអស់ដែលត្រូវបានដឹកជញ្ជូននៅម៉ោង ១២:០១ព្រឹកថ្ងៃទី៥ ខែមេសា។

សេចក្តីជូនដំណឹងនេះមិនបានផ្តល់ការពន្យល់លម្អិត សម្រាប់ការផ្លាស់ប្តូររបស់រដ្ឋបាលលោក Trump នោះទេ ប៉ុន្តែចំណាត់ការនេះ ផ្តល់នូវភាពធូរស្រាលយ៉ាងកក់ក្ដៅដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ដែលរួមមាន Apple, Dell Technologies និងក្រុមនាំចូលជាច្រើនរាប់មិនអស់ផ្សេងទៀត។
មន្ត្រីសេតវិមានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ អំពីមូលហេតុដែលការលើកលែងពន្ធចុងក្រោយបង្អស់ត្រូវបានធ្វើឡើង។ តែកាលពីល្ងាចថ្ងៃសៅរ៍ (ទី១២ ខែមេសា) ខណៈពេលដែលធ្វើដំណើរទៅកាន់ទីក្រុង Miami លោក Trump បាននិយាយថា លោកនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីការលើកលែងនេះ នៅដើមសប្តាហ៍ក្រោយ៕