ទាំងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក សុទ្ធតែបានលើកឡើងដូចគ្នាពី «ភាពវិជ្ជមាន» និង «ប្រកបដោយការស្ថាបនា» សម្រាប់កិច្ចពិភាក្សា នៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍ (ទី១២ ខែមេសា) ហើយបានយល់ព្រមមានកិច្ចប្រជុំឡើងវិញ នៅសប្តាហ៍ក្រោយ ជាកិច្ចសន្ទនាមួយដែលត្រូវបានធ្វើឡើង ក្នុងគោលបំណងដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរដែលកំពុងឡើងកម្ដៅរបស់ទីក្រុងតេអេរ៉ង់ ដោយប្រធានាធិបតី លោក Donald Trump គំរាមចាត់វិធានការផ្នែកយោធា ប្រសិនបើមិនបានឈានដល់កិច្ចព្រមព្រៀងទេនោះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រាប់ទូរទស្សន៍រដ្ឋថា៖ «ខ្ញុំគិតថា យើងកំពុងទៅកៀកនឹងចំណុចមូលដ្ឋាន សម្រាប់កិច្ចចរចានេះ ហើយប្រសិនបើយើងអាចបញ្ចប់ចំណុចមូលដ្ឋាននេះ នៅសប្តាហ៍ក្រោយ យើងនឹងបោះជំហានបានកាន់តែឆ្ងាយ ហើយយើងនឹងអាចចាប់ផ្តើមការពិភាក្សាពិតប្រាកដដោយផ្អែកលើមូលដ្ឋាននោះ»។

លោក Araqchi បាននិយាយថា កិច្ចពិភាក្សា ដែលជាលើកដំបូង រវាងអ៊ីរ៉ង់ និងរដ្ឋបាលលោក Trump រួមទាំងអាណត្តិដំបូងរបស់លោក ក្នុងឆ្នាំ ២០១៧-២០២១ បានកើតឡើងនៅក្នុង «បរិយាកាសប្រកបដោយផលិតភាព ស្ងប់ស្ងាត់ និងវិជ្ជមាន»។ លោក Araqchi បានបន្ថែមថា៖ «ភាគីទាំង២ បានព្រមព្រៀងបន្តកិច្ចចរចា ប្រហែលជាថ្ងៃសៅរ៍ក្រោយ។ អ៊ីរ៉ង់ និងភាគីអាមេរិក ចង់បានកិច្ចព្រមព្រៀងមួយក្នុងរយៈពេលខ្លី។ យើងមិនចង់ឲ្យមានកិច្ចពិភាក្សា ដោយត្រឹមតែគិតពីលទ្ធផលនោះទេ»។
ចំណែកសេតវិមាន បានហៅកិច្ចចរចាដែលមានពាក់ព័ន្ធនឹងបេសកជនមជ្ឈិមបូព៌ារបស់លោក Trump គឺលោក Steven Witkoff ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអូម៉ង់ លោកស្រី Ana Escrogima និងលោក Araqchi ថា «មានភាពវិជ្ជមាន និងប្រកបដោយការស្ថាបនា»។

នៅពេលត្រូវបានសួរអំពីកិច្ចពិភាក្សានេះ លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃសៅរ៍ថា៖ «ខ្ញុំគិតថា គ្រប់យ៉ាងនឹងដំណើរការទៅយ៉ាងល្អ»។ លោកបាននិយាយនៅលើយន្តហោះ Air Force One ថា៖ «គ្មានអ្វីជាបញ្ហាទេ រហូតដល់វាអាចសម្រេចបាន។ ខ្ញុំមិនចូលចិត្តនិយាយអំពីរឿងនេះទេ ប៉ុន្តែវាមិនបញ្ហាអ្វីទេ។ ខ្ញុំគិតថា ស្ថានភាពជាមួយអ៊ីរ៉ង់ កំពុងដំណើរការទៅយ៉ាងល្អគួរសម»៕