កំពង់ឆ្នាំង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងកម្លាំងកងរាជអាវុធហត្ថខេត្តប្រមាណជាង១ពាន់នាក់ រួមនិងកម្លាំងប្រជាការពារជិត៨ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បន្តទៀតថា ក្នុងខេត្តកំពង់ឆ្នាំង មានគោលដៅប្រមាណជាង ៤០គោលដៅនៅទូទាំងខេត្ត ដែលនឹងដាក់កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងនគរបាលអធិការដ្ឋានតាមក្រុងស្រុក រួមនិងកម្លាំងប្រជាការពារផងដែរ ធ្វើយ៉ាងណារក្សាអោយបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានសុខសប្បាយ ។ កម្លាំងទាំងនេះ នឹងដាក់ឱ្យឈរជើងនៅតាមវត្តអារាមទាំងអស់នៅក្នុងខេត្ត គោលដៅកន្លែងកម្សាន្តសប្បាយផ្សេងៗ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ៥ និងផ្លូវនានាក្នុងខេត្ត ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាមនានា ទីរមណីដ្ឋាន និងកន្លែងប្រារព្វពិធីសង្ក្រាន្តជាដើម។ ចំពោះកម្លាំងដែលនឹងឈរតាមគោលដៅ នឹងត្រូវយកចិត្តទុកដាក់ចំពោះភារកិច្ច និងទទួលខុសត្រូវខ្ពស់លើការងារដឹកនាំបញ្ជាកម្លាំង ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឱ្យមានកើតបទល្មើសកើតឡើង ជាពិសេសធានាឱ្យបានក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។
ឯកឧត្តមបានបន្ថែមថា កម្លាំងដែលឈរជើងការពារគោលដៅនានា និងកម្លាំងល្បាត ត្រូវទប់ស្កាត់សកម្មភាពបង្កការរំខានណាមួយ ដែលប៉ះពាល់ដល់ការកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារផងដែរ៕ កាំង ហុងវាស្នា




