បាល់ទាត់៖ ក្រុមកោះកុងអេហ្វស៊ីបានទទួល ៣ពិន្ទុដំបូងនៅក្នុងការប្រកួតជម្រើសជើងឯកបាល់ទាត់លីគទី២ កម្ពុជា បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះឬទ្ធីសែន ៣-០ ក្នុងសប្ដាហ៍ទី២ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំងកាលពីចុងសប្ដាហ៍កន្លងទៅ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមលោក ហុក សុជីវ័ន សុទ្ធតែកើតឡើងនៅវគ្គទី២ បន្ទាប់ពីវគ្គទី១ ក្រុមទាំងពីរបានរក្សាលទ្ធផល ០-០។ ៣គ្រាប់របស់ក្រុមភ្ញៀវនេះធ្វើសម្រេចដោយកីឡាករ សាន បូរ៉ា ២គ្រាប់ និងកីឡាករ ហ៊ីម រ៉ូសាលី ១គ្រាប់។
នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមមានមូលដ្ឋាននៅជាប់មាត់សមុទ្រមួយនេះ បន្ទាប់ពីប្រកួតបើកឆាករង់បរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ U21 កងយោងធពលខេមរភូមិន្ទ ២-១។ រីឯក្រុមឬទ្ធីសែនបានបន្ដបរាជ័យលើកទី២ ក្រោយប្រកួតដំបូងចាញ់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ៤-០ កាលពីថ្មីៗ។ រីឯលទ្ធផលការប្រកួតលីគទី២ សប្ដាហ៍ទី២ ចំនួន ៣គូទៀតរួមមានក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីបានយកឈ្នះក្រុមសៀមរាប ២-១ ខណៈក្រុម ISI ដង្កោសែនជ័យបានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យ ២-០ និងក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំបានយកឈ្នះក្រុមភ្ញៀវ U21 កងយោធពលខេមរភូមិន្ទុ ១-០។ តាមរយៈលទ្ធផលនេះបានធ្វើឲ្យក្រុម ISI ដង្កោសែនជ័យ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងខេត្តត្បូងឃ្មុំបន្ដជ័យជម្នះរៀងៗខ្លួនដោយរកបាន ៦ពិន្ទុស្មើគ្នា៕
អត្ថបទ៖ លី ឈុនឡា