អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងប្រឈមមុខជាមួយការកាត់ទោសព្រហទណ្ឌលើកដំបូង នៅថ្ងៃទី១៤ ខែមេសា ពោលគឺត្រឹមតែ ១០ថ្ងៃបន្ទាប់ពីរូបលោកត្រូវបានបញ្ចប់តំណែងដោយតុលាការធម្មនុញ្ញ។ នេះបើតាមសារព័ត៌មាន Yonhap ដែលបានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះពីក្នុងរង្វង់អ្នកច្បាប់។

គួររំលឹកថា លោក Yoon ត្រូវបានចោទប្រកាន់ពីបទដឹកនាំការប៉ុនប៉ងបង្កើតគម្រោងចេញច្បាប់អាជ្ញាសឹក កាលពីខែធ្នូឆ្នាំមុន ហើយនឹងបង្ហាញខ្លួនក្នុងនាមជាចុងចោទ នៅបន្ទប់សវនាការលេខ៤១៧ របស់តុលាការនៅកណ្ដាលទីក្រុងសេអ៊ូល ជាកន្លែងដែលការជំនុំជម្រះក្តីលើអតីតប្រធានាធិបតីមុនៗ ត្រូវបានធ្វើឡើង។

យោងតាមច្បាប់របស់តុលាការ លោក Yoon តម្រូវឲ្យចូលរួមសវនាការដោយផ្ទាល់ ប៉ុន្តែនឹងត្រូវបានអនុញ្ញាតឲ្យចូលតាមច្រកចំណតក្រោមដី ដើម្បីបញ្ចៀសការប៉ះពាល់ជាសាធារណៈ។ ការថតរូបសន្លឹក ឬជាវីដេអូ ចំពោះរូបលោក នៅក្នុងបន្ទប់សវនាការ នឹងមិនត្រូវបានអនុញ្ញាតឡើយ។
ការជំនុំជម្រះក្ដី នឹងចាប់ផ្តើមជាមួយនឹងការត្រួតពិនិត្យអត្តសញ្ញាណផ្លូវការ ដោយបន្ទាប់មក ដំណើរការការបង្ហាញនូវការចោទប្រកាន់របស់រដ្ឋអាជ្ញា។ ក្រុមអ្នកច្បាប់របស់លោក Yoon ត្រូវបានគេរំពឹងថា នឹងបដិសេធការចោទប្រកាន់ទាំងអស់ ស្របតាមសេចក្តីថ្លែងការណ៍មុនរបស់ខ្លួន ក្នុងអំឡុងពេលដំណើរការកាត់ក្តី។
គួរបញ្ជាក់ថា លោក Yoon ក្លាយជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងទី៥ ដែលត្រូវបានកាត់ទោសកម្រិតព្រហ្មទណ្ឌ បន្ទាប់ពីលោក Chun Doo-hwan លោក Roh Tae-woo លោក Lee Myung-bak និងលោកស្រី Park Geun-hye៕