ក្រុមគ្រូពេទ្យបឋមសង្គ្រោះ បានឲ្យដឹងថា មីស៊ីលចំនួន ២គ្រាប់របស់អ៊ីស្រាអែល បានធ្លាក់ត្រូវចំអគារមួយខ្នងនៅខាងក្នុងមន្ទីរពេទ្យដ៏សំខាន់បំផុត នៅតំបន់ហ្កាហ្សា នាថ្ងៃអាទិត្យ (ទី១៣ ខែមេសា) នេះ ដោយបានធ្វើឲ្យខូចខាតដល់ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកទទួលអ្នកជំងឺ ហើយបានបំផ្លិចបំផ្លាញរចនាសម្ព័ន្ធផ្សេងៗទៀត។

មន្ត្រីសុខាភិបាល នៅមន្ទីរពេទ្យ Al-Ahli Arab Baptist Hospital បានជម្លៀសអ្នកជំងឺចេញពីអគារនោះ បន្ទាប់ពីមនុស្សម្នាក់ បាននិយាយថា រូបលោកបានទទួលការហៅទូរសព្ទពីនរណាម្នាក់ ដែលបានកំណត់អត្តសញ្ញាណខ្លួនឯងថា ជាសន្តិសុខអ៊ីស្រាអែល ពោលគឺមិនយូរប៉ុន្មានមុនការវាយប្រហារនោះបានកើតឡើង។

បើយោងតាមសេវាសង្គ្រោះបន្ទាន់ស៊ីវិល បានឲ្យដឹងថា មិនទាន់មានអ្នករងរបួសត្រូវបានរាយការណ៍នៅឡើយទេ។ អ្នកនាំពាក្យម្នាក់បាននិយាយថា យោធាអ៊ីស្រាអែលកំពុងពិនិត្យមើលសេចក្ដីរាយការណ៍នេះ។

រូបភាព នៅលើបណ្ដាញសង្គមដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ បានបង្ហាញពីមនុស្សរាប់សិបនាក់ចាកចេញពីកន្លែងនោះ ដោយអ្នកខ្លះហាក់ដូចជាកំពុងអូសសាច់ញាតិមានជំងឺដេកនៅលើគ្រែពេទ្យ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បានថ្កោលទោសការវាយប្រហារនេះ ហើយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលមានចេតនាបំផ្លាញប្រព័ន្ធថែទាំសុខភាពរបស់តំបន់ហ្កាហ្សា៕