មនុស្សរាប់ពាន់នាក់មកពីទីក្រុងនានា ក្នុងប្រទេសស៊ែប៊ី កូសូវ៉ូ និងប៊ូស្នី បានធ្វើដំណើរតាមឡានក្រុង កាលពីថ្ងៃសៅរ៍ (ទី១២ ខែមេសា) ដើម្បីចូលរួមការជួបជុំមួយ ក្នុងទីក្រុងបែលក្រាដ ដែលរៀបចំឡើង ដើម្បីគាំទ្រលោកប្រធានាធិបតី Aleksandar Vucic ដែលការគ្រប់គ្រងអំណាចរបស់លោក ត្រូវបានគំរាមកំហែងដោយការតវ៉ាប្រឆាំងអំពើពុករលួយអស់រយៈពេលជាច្រើនខែ។

ការប្រមូលផ្តុំគ្នានេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបរបស់លោក Vucic ចំពោះបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែមីនា នៅពេលដែលមនុស្សជាង ១០០.០០០នាក់ បានចូលរួមការតវ៉ាដ៏ធំបំផុតរបស់ប្រទេសជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ នៅទីក្រុងបែលក្រាដ។

ប្រទេសស៊ែប៊ីបានប្រឈមជាមួយការតវ៉ាប្រឆាំងរដ្ឋាភិបាលជាច្រើនខែមកហើយ បន្ទាប់ពីមនុស្ស ១៦នាក់ បានបាត់បង់ជីវិត ដោយសារការបាក់ធ្លាក់ដំបូលស្ថានីយ៍រថភ្លើង ជាហេតុការណ៍ដែលបង្កឲ្យមានការចោទប្រកាន់ថា មកពីអំពើពុករលួយ និងការធ្វេសប្រហែស។ ការតវ៉ាបានរាលដាលកាន់តែធំទៅៗ ដែលមានការចូលរួមពីសិស្ស គ្រូបង្រៀន និងកសិករ ពោលគឺជាបញ្ហាប្រឈមដ៏ធំ ចំពោះលោក Vucic ដែលទទួលបានការគាំទ្រឲ្យកាន់អំណាចអស់រយៈពេល ១២ឆ្នាំមកហើយ ទាំងតំណែងជានាយករដ្ឋមន្ត្រី ឬជាប្រធានាធិបតី។
សម្រាប់ការប្រមូលផ្តុំគ្នាបង្ហាញការគាំទ្រកាលពីថ្ងៃសៅរ៍នេះ ក៏មានគោលបំណងផ្សព្វផ្សាយចលនាថ្មីមួយដែលដឹកនាំដោយគណបក្សជឿនលឿនស៊ែប៊ី (SNS) របស់លោក Vucic ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគណបក្សផ្សេងទៀតមកពីរដ្ឋាភិបាលចម្រុះ ដែលមិនទាន់ត្រូវបានសម្ពោធជាផ្លូវការនៅឡើយទេ៕