ផ្ទះសម្បែងត្រូវបានជន់លិច ហើយផ្លូវថ្នល់បានប្រែក្លាយទៅជាទន្លេភក់ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅលើកោះ Lanzarote របស់ប្រទេសអេស្ប៉ាញ ដែលជាតំបន់ដ៏ពេញនិយមរបស់ភ្ញៀវទេសចរទៅលេងកម្សាន្តពេញមួយឆ្នាំ។

នៅថ្ងៃអាទិត្យ (ទី១៣ ខែមេសា) នេះ សេវាសង្គ្រោះបន្ទាន់ បានឲ្យដឹងថា គ្រាអាសន្នត្រូវបានប្រកាស បន្ទាប់ពីមានភ្លៀងធ្លាក់កម្រិត ៦សង់ទីម៉ែត្រ ក្នុងរយៈពេល ២ម៉ោង កាលពីថ្ងៃសៅរ៍។ ខ្សែវីដេអូលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញទឹកជំនន់ពណ៌ត្នោតហូរក្រោមស្ពាន ខណៈរថយន្តជាច្រើនគ្រឿងបានជាប់នៅលើផ្លូវលិចទឹក។
លោក Enrique Espinosa ប្រធានផ្នែកសេវាសង្គ្រោះបន្ទាន់ សម្រាប់រដ្ឋបាលកោះ Lanzarote បាននិយាយថា ផ្ទះសម្បែងមួយចំនួនបានលិចក្នុងទឹកហើយ។

លោក Espinosa បានប្រាប់ទូរទស្សន៍រដ្ឋ RTVE នៅថ្ងៃអាទិត្យនេះថា៖ «យើងបានធ្វើការពេញមួយយប់ ដោយបានឆ្លើយតបនឹងការហៅទូរសព្ទចំនួន ៣០០ដង ពេញមួយយប់ ដែលភាគច្រើន នៅក្នុងទីក្រុង Arrecife និង Teguise។ ផ្ទះមួយចំនួនត្រូវបានជន់លិច ហើយអ្វីដែលនៅសល់ក្រោយទឹកជំនន់ គឺជាល្បាប់ភក់»។

យ៉ាងណាក្ដី អាជ្ញាធរបានឲ្យដឹងថា គ្មាននរណាម្នាក់រងរបួស ក្នុងហេតុការណ៍ទឹកជំនន់នេះទេ៕