ក្រុមមន្ត្រីបាននិយាយថា មីស៊ីលបាលីស្ទីករបស់រុស្ស៊ីចំនួនពីរគ្រាប់ បានវាយប្រហារចំកណ្តាលទីក្រុង Sumy ភាគខាងជើងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ៣៤ នាក់ និងរងរបួស១១៧ នាក់នៅក្នុងការវាយប្រហារដ៏បង្ហូរឈាមបំផុតលើប្រទេសអ៊ុយក្រែន ក្នុងឆ្នាំនេះ។
ប្រធានាធិបតី លោក Volodymyr Zelenskyy បានទាមទារឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីអន្តរជាតិប្រឆាំងទីក្រុងមូស្គូ ជុំវិញការវាយប្រហារនេះ ដែលបានកើតឡើងជាមួយគ្នានឹងការជំរុញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមឲ្យបានឆាប់រហ័សដែលកំពុងតែព្យាយាមឈានដល់ការទម្លាយភាពទាល់ច្រក។
ក្នុងវីដេអូបង្ហោះដោយ លោក Zelenskyy នៅលើបណ្តាញសង្គមបានបង្ហាញសាកសពត្រូវបានដាក់គរនៅតាមដងផ្លូវក្នុងទីក្រុងក្បែររថយន្តក្រុងដែលត្រូវបានបំផ្លាញ និងរថយន្តដែលឆេះខ្លោច។
លោកបាននិយាយថា «មានតែមនុស្សទុច្ចរិតប៉ុណ្ណោះ ដែលអាចប្រព្រឹត្តបែបនេះ ដែលបានឆក់យកជីវិត មនុស្សស្លូតត្រង់» ខណៈការវាយប្រហារបានកើតឡើង នៅពេលមនុស្សមួយចំនួនទៅកាន់ព្រះវិហារ។