ខណៈរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បង្ក្រាបលើការធ្វើអន្តោប្រវេសន៍ មន្ត្រីរបស់ខ្លួនបានបន្តជំរុញសារដែលអ្នកជាប់ឃុំ គឺជាមេដឹកនាំក្រុមជនអន្ធពាលហិង្សា ឬថែមទាំងជាក្រុមភេរវករ។
អ្នកជំនាញផ្នែកច្បាប់និយាយថា ការចោទប្រកាន់ជាសាធារណៈបែបនេះ មិនត្រឹមតែអាចបង្កគ្រោះថ្នាក់ដល់ករណីឧក្រិដ្ឋកម្មប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអន្តរាយដល់ដំណើរការស្នូលនៃប្រព័ន្ធច្បាប់របស់សហរដ្ឋអាមេរិកផងដែរ។
បន្ទាប់ពីក្រុម FBI SWAT វាយឆ្មក់ចូលលំនៅឋានរបស់ Henrry Josue Villatoro Santos ជាបុរសជនជាតិអែល សាវ៉ាល់ឌ័រ រស់នៅដោយខុសច្បាប់ក្នុងរដ្ឋ Virginia កាលពីខែមុន រដ្ឋអាជ្ញាសហរដ្ឋអាមេរិក លោក Pam Bondi បានចោទប្រកាន់បុរសរូបនេះ ថាជាមេដឹកនាំកំពូលម្នាក់ក្នុងចំណោមមេដឹកនាំកំពូលៗទាំងបីនៅសហរដ្ឋអាមេរិកនៃក្រុមជនអន្ធពាលហិង្សា និងបានចាត់ទុកបុរសនេះថាជាភេរវករ។
មិនដល់២សប្តាហ៍ក្រោយមក ក្រសួងយុត្តិធម៌បានផ្លាស់ប្តូរទម្លាក់ចោលការចោទប្រកាន់ ដែលក្រសួងបានចោទលើលោក ពីបទកាន់កាប់អាវុធខុសច្បាប់ដោយជនបរទេស។ លោក Bondi បាននិយាយថាលោក Henrry Josue Villatoro Santos នឹងប្រឈមការនិរទេសជំនួសវិញ។