ប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់ប្រទេសអេក្វាឌ័រ លោកស្រី Diana Atamaint បានប្រកាសថាប្រធានាធិបតី លោក Daniel Noboa ជាអ្នកទទួលជ័យជម្នះក្នុងការប្រកួតប្រជែងប្រធានាធិបតីរបស់ប្រទេស បន្ទាប់ពីលោកបាននាំមុខ១២ពិន្ទុមិននឹកស្មានដល់លើលោកស្រី Luisa Gonzalez ។
លោកស្រី Gonzalez បានប្រាប់អ្នកគាំទ្រថាលោកស្រីមិនទទួលយកលទ្ធផលនេះទេ ហើយនឹងទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញដោយហៅថា ជា«ការក្លែងបន្លំក្នុងការបោះឆ្នោតដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអេក្វាឌ័រ»។
ដោយការរាប់សន្លឹកឆ្នោតជិត ៩៣% លោក Noboa ទួលបាន ៥៥,៨% នៃសន្លឹកឆ្នោត ធៀបនឹង លោកស្រី Gonzalez ទទួលបាន៤៤,១% ។
ប្រធានាធិបតីកំពុងកាន់តំណែងលោក Daniel Noboa ជាអ្នកដែលនិយាយថាលោកត្រូវការពេលវេលាបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាលគ្រឿងញៀន និងជំរុញសេដ្ឋកិច្ច។
នៅក្នុងទីក្រុងឆ្នេរ Olon អ្នកបោះឆ្នោតដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters បាននិយាយថា អ្នកស្រីរំពឹងថាអំពើហិង្សា និងការធ្វើអន្តោប្រវេសន៍ នឹងថយចុះ។
ឃាតកម្ម ការរត់ពន្ធកាំភ្លើង ការលួចប្រេងឥន្ធនៈ ការជំរិតទារប្រាក់ និងឧក្រិដ្ឋកម្មផ្សេងទៀត ដែលធ្វើឡើងដោយក្រុមឧក្រិដ្ឋជនក្នុងស្រុកមានសម្ព័ន្ធមិត្តជាមួយក្រុមជួញដូរនៅប្រទេសម៉ិកស៊ិក និងក្រុមម៉ាហ្វៀអាល់បានី បានកើនឡើងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខណៈសេដ្ឋកិច្ចត្រូវបានទប់ទល់ដើម្បីស្តារឡើងវិញក្រោយជំងឺរាតត្បាត ហើយភាពអត់ការងារធ្វើ បានកើនឡើង។