អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិន លោក Xi Jinping បានទៅដល់ទីក្រុងហាណូយ រដ្ឋធានីប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ។
តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam និងប្រធានាធិបតីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Luong Cuong លោក Xi កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ។
យោងតាមក្រសួងការបរទេសចិនបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Xi នឹងជួបពិភាក្សាជាមួយអគ្គលេខាបក្ស លោក To Lam និងជួបជាមួយប្រធានាធិបតី លោក Luong Cuong នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងប្រធានរដ្ឋសភាលោក Tran Thanh Man។
ដំណើរទស្សនកិច្ចរបស់លោក Xi ស្របគ្នាក្នុងពេលខួបលើកទី៧៥នៃទំនាក់ទំនងការទូតរវាងចិន និងវៀតណាម។
វៀតណាមគឺជាទីចតដំបូងនៃដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ចំនួនបីប្រទេសរបស់លោក Xi ដែលក្រោយមកនឹងទៅកាន់ប្រទេសម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ។