នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ នៅវេលាម៉ោង៦:១០នាទីល្ងាច នៅទីតាំងខាងមុខប្រាសាទអង្គរវត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំអង្គរសង្ក្រាន្ដបានចូលរួមជាមួយមហាជនជាច្រើននាក់ក្នុងកម្មវិធីបណ្តែតគោមបួងសួងសុំសេចក្តីសុខ។
កម្មវិធីបណ្តែតគោមបួងសួងសុំសេចក្ដីសុខ ជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាល និងកម្ចាត់នូវឧបទ្រព្យចង្រៃ ទុក្ខកង្វល់ទាំងឡាយឱ្យហូរតាមខ្សែទឹក ហើយបួងសួងសុំពរជ័យ សេចក្ដីសុខ ចម្រើនសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ អ្វីដែលកាន់តែពិសេសនោះគឺទីតាំងនៃកម្មវិធីត្រូវបានតុបតែងយ៉ាងល្អវិចិត្រគួរចង់ទស្សនា។









