នាឱកាសនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ឈានចូលពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ ញាតិញោម ប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងរាជធានីភ្នំពេញ កាន់តែច្រើនកុះករ បន្តនាំយកទេយ្យទាន និងចង្ហាន់នានាទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាទីវត្តអារាម។
បងប្អូនប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ ប្រុស ស្រី ជួបជុំគ្រួសារ មកកាន់វត្តចាក់អង្រែលើ រាជធានីភ្នំពេញ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។
បងប្អូនប្រជាពុទ្ធបរិស័ទ អញ្ជើញមកកាន់វត្តចាក់អង្រែលើ បានប្រាប់BTV ព័ត៌មាន នាព្រឹកនេះថា ការដែលបានមកទីវត្តអារាម ពិតជាធ្វើឲ្យទឹកចិត្ត និងអារម្មណ៍របស់គាត់ មានសេចកី្តជ្រះថ្លា សប្បាយរីករាយខែរដូវបុណ្យចូលឆ្នាំខ្មែរ បានជួបជុំបងប្អូន ហើយការធ្វើបុណ្យយើងធ្វើនៅរដូវបុណ្យចូលឆ្នាំ ត្រូវដាក់នំអន្សមជ្រូក អន្សមចេក នំគម នំបត ទេយ្យទាន និងចង្ហាន់មកប្រគេនព្រះសង្ឃឲ្យត្រូវតាមប្រពៃណីនៃពិធីបុណ្យ។ ព្រមទាំងបានសូត្រមន្តបង្សុកូលឧទ្ទិសមហាកុសល ថ្វាយ ប្រគេន ជូន ដូនតា បុព្វបុរស និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ឈានចូល ព.ស.២៥៦៩។ ក្នុងន័យនេះ បើប្រទេសជាតិយើងគ្មានសុខសន្តិភាព ប្រជាជនគ្រប់រូប គឺមិនអាចមកជួបជុំគ្រួសារធ្វើបុណ្យ ធ្វើទានបាននោះទេ មកដល់ពេលនេះប្រទេសយើងទូលំទូលាយខ្លាំងណាស់ កន្លែងណាក៏យើងអាចទៅធ្វើបុណ្យ ធ្វើទានបាន មិនថាទីអារាមនៅទីជនបទ និងក្នុងរាជធានីភ្នំពេញនោះទេ កន្លែងណាក៏ស្អាត មានសណ្តាប់ធ្នាប់ និងសុវតិ្ថភាព និងធ្វើឲ្យមានសុខសប្បាយដល់ប្រជាជនទូទាំងប្រទេស។
សូមរំលឹកថា៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានអត្ថន័យធំធេង ក្នុងការបណ្តុះអត្ថន័យសាមគ្គីភាពជាតិ ស្មារតីថែរក្សា ការពារ ស្រលាញ់ទំនៀមទំលាប់ប្រពៃណី និងលើកកម្ពស់អរិយធម៌ដ៏ផូរផង់៕អត្ថបទ រដ្ឋា




