ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហាញនូវប្រវត្តិរឿងរ៉ាវជីវិតរបស់សម្ដេចដែលចងចាំនៅក្នុងខែមេសាកាលពីជាង៥០ឆ្នាំ មុនសម្រាប់ជីវិតរបស់សម្ដេចផ្ទាល់ ក្នុងនោះ ក្រៅពីរឿងយោធានយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួន គឺជីវិតកាលនៅកម្លោះ ជីវិតពេលមានភរិយា ជីវិតពេលមានកូន ជីវិតពេលមានចៅរបស់សម្ដេចផងដែរ។
សម្ដេចតេជោ បានរសេរថា នៅថ្ងៃ៤ មេសាកន្លងមកនេះ គឺជាខួបលើកទី៥៥ឆ្នាំ នៃការចូលរួមចលនារំដោះជាតិតាមការអំពាវនាវរបស់សម្តេចព្រះបិតាជាតិ (៤មេសា១៩៧០.៤មេសា២០២៥)។
នៅថ្ងៃទី១៣ ខែមេសា កន្លងមក គឺជាខួបលើកទី៥១ឆ្នាំ ដែលសម្ដេចបានជួបមុខភរិយារបស់សម្ដេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាលើកទី២ បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាមនាចុងខែមីនា១៩៧៤ (១៣មេសា១៩៧៤ ១៣មេសា២០២៥)។
សម្ដេចមានប្រសាសន៍បញ្ជាក់ថា ចុងក្រោយនៅថ្ងៃ១៦ មេសាជាខួបលើកទី៥០ឆ្នាំ នៃការត្រូវរបួសធ្ងន់ និងពិការភ្នែកឆ្វេង (១៦មេសា១៩៧៥. ១៦មេសា២០២៥)។
សម្ដេចតេជោបានរម្លឹកឡើងថា ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លងមកនេះមានរឿងច្រើនណាស់ដែលបានកើតចំពោះខ្ញុំ។ ក្រៅពីរឿងយោធានយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួន គឺជីវិតកាលនៅកម្លោះ ជីវិតពេលមានភរិយា.ជីវិតពេលមានកូន.ជីវិតពេលមានចៅ។ ពេលនេះកំពុងរង់ចាំជីវិតពេលមានចៅទួតតែប្រហែលត្រូវរង់ចាំយូរបន្តិចព្រោះចៅៗកំពុងរៀន៕









