ក្រោយការវាយប្រហារស្លាប់មនុស្សរបស់អ៊ីស្រាអែលកាលពីចុងសប្តាហ៍កន្លងទៅ នៅទូទាំងតំបន់ហ្កាហ្សា គេមើលឃើញថាគ្មានសញ្ញាណាមួយនៃការបញ្ចប់សង្រ្គាមនោះទេសម្រាប់ជនប៉ាឡេស្ទីន ។

ប្រភពបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ជុំចុងក្រោយនៃជំនួបនៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីស្តាបទឈប់បាញ់ឡើងវិញ និងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល បានបញ្ចប់ទៅដោយគ្មានការទម្លុះភាពទាល់ច្រកនោះទេ ។
ប្រភពពីប៉ាឡេស្ទីន និងអេហ្ស៊ីប បានឲ្យដឹងថា ការមិនចុះសម្រុងគ្នាជាមូលដ្ឋានរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចំពោះជំហានបញ្ចប់សង្រ្គាមក្នុងតំបន់ហ្កាហ្សា នៅតែមាន ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពទាំងនេះ បានរាយការណ៍ពីភាពបត់បែនមួយចំនួនរបស់ក្រុមហាម៉ាសចំពោះកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរ ជាការដោះលែងអ្នកទោសប៉ាឡេស្ទីនដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារអ៊ីស្រាអែល ។
ប្រភពពីអហ្ស៊ីបបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សំណើចុងក្រោយដើម្បីបន្តឈប់បាញ់តម្រូវឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរបន្ថែមទៀត ។ ក្រុមហាម៉ាសគ្មានបញ្ហានោះទេចំពោះ ការដោះលែងចំណាប់ថ្នូរ ប៉ុន្តែត្រូវធានាថា អ៊ីស្រាអែលត្រូវតែចាប់ផ្តើមកិច្ចប្រជុំលើដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមករា ដែលនាំឲ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានចាប់ផ្តើមឡើងវិញការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃទី ១៨ ខែមីនា ក្រោយការផ្អាកសង្រ្គាមរយៈពេល ២ខែ ដែលគេមើលឃើញការដោះលែងចំណាប់ថ្នូរ ៣៨នាក់ និងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ៕