ក្រុមបាតុកររាប់ម៉ឺននាក់ នាំគ្នាជួបជុំគ្នានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ។

ក្រុមបាតុករនាំគ្នាដង្ហែក្បួននៅសង្កាត់ Fatih ទីក្រុងអ៊ីស្តង់ប៊ុល ដោយពួកគេនាំគ្នាគ្រវីទង់ប៉ាឡេស្ទីន និងស្រែកពាក្យស្លោក “ឃាតករអ៊ីស្រាអែល ចេញពីប៉ាឡេស្ទីន” នៅក្នុងចំណោមពាក្យស្លោកដទៃទៀត ។
ក្រោយមកក្រុមបាតុករ បានជួបជុំគ្នានៅទីលានចតុរង្គ សម្រាប់ពិធីដង្ហែក្បួនដែលរៀបចំឡើងដោយក្រុមជំនួយមនុស្សធម៌ IHH ។
ខណៈពេលនោះដែរ កងពលតូច Al-Qassam ដែលជាបណ្តាញប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានអះអាងថា អ្នកប្រយុទ្ធរបស់ខ្លួនបានសម្លាប់ និងធ្វើឲ្យទាហានអ៊ីស្រាអែលជាច្រើននាក់រងរបួសនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុម Al-Qassam បាននិយាយថា អ្នកប្រយុទ្ធរបស់ខ្លួន បានបំផ្ទុះលំនៅឋានមួយកន្លែងដោយបានដាក់គ្រឿងផ្ទុះ ដាក់គោលដៅលើអង្គភាពកងកម្លាំងពិសេសរបស់អ៊ីស្រាអែល ដែលបានជ្រៀតចូលតំបន់ Abu al-Rus ភាគខាងកើតទីក្រុង Rafah ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេពុំបានបង្ហាញពីចំនួនអ្នកស្លាប់ និងរងរបួសនោះទេ ហើយកងទ័ពអ៊ីស្រាអែល ក៏មិនបានចេញការឆ្លើយតបទាក់ទងនឹងការអះអាងនេះដែរ ។
ដោយឡែក អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពអ៊ីស្រាអែលនៅតែបន្តធ្វើប្រតិបត្តិការនៅតំបន់ហ្កាហ្សាភាគខាងជើង ៕