ភ្នំពេញ៖ ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេបានស្ដេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់បុណ្យសព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងដង្ហែ មកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ខាងកាលពីម្សិលមិញ តាមរយៈយន្តហោះពិសេសពីប្រទេសបារាំង ហើយព្រះសពព្រះអង្គបានកំពុងតម្កល់ធ្វើបុណ្យតាមបែបសាសនា នៅអតីតព្រះតំណាក់ព្រះអង្គ នៅផ្លូវព្រះសម្តេចប៉ាន់ខាងក្រោយព្រះបរមរាជវាំង ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបុណ្យព្រះសពរបស់ព្រះអង្គ បានកំពុងប្រារព្ធធ្វើឡើងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ។
ការទ្រង់សោយទិវង្គតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំ ប្រកាសកាន់ទុក្ខចំពោះព្រះសពរបស់ព្រះអង្គ ដោយកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ដដែលនេះ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជននៅទូទាំងប្រទេស ត្រូវមានការបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៃដងទង់ជាតិនិងផ្អាកការសម្តែង និងចាក់ផ្សាយទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងផងដែរ។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ ព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ និងអ្នកម្នាង ផាត់ កាញ៉ុល។ មុនព្រះអង្គទ្រង់សោយទិវង្គត សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរផ្នែកសុខភាព និងរូបរាងកាយ ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ពីរដង នៅក្នុងខេត្តកំពង់ចាម និងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៨កន្លងទៅនេះ៕ អត្ថបទ៖ បាន ចក់ រូបភាព អាត់ សុធា





