ក្រសួងការបរទេសចិន និយាយកាលពីថ្ងៃចន្ទថា ចិន និងឥណ្ឌូនេស៊ី នឹងពង្រឹងទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មី ស្របពេលដែលប្រទេសទាំង ២ ប្រារព្ធខួបការទូតជាប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំ ។

លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយប្រាប់សន្និសីទសារព័ត៌មានថា នៅថ្ងៃទី ១៣ ខែមេសា គឺជាខួបលើកទី ៧៥នៃទំនាក់ទំនងការទូតចិន-ឥណ្ឌូនេស៊ី ហើយលោកបានធ្វើការសង្កត់ធ្ងន់ថា ចិន និងឥណ្ឌូនេស៊ី នឹងគាំទ្រចក្ខុវិស័យអភិវឌ្ឍន៍ជាតិរបស់ប្រទេសទាំង ២ ។

ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានផ្លាស់ប្តូរសារអបអរសាទរនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ នៅក្នុងការជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ។
ទីក្រុងប៉េកាំង កំពុងព្យាយាមបញ្ចុះបញ្ចូលប្រទេសដទៃ ឲ្យប្រព្រឹត្តតាមគន្លងរួមប្រឆាំងនឹងការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិកដែលត្រូវបានប្រកាសឡើងដោយលោកប្រធានាធិបតី Donald Trump ។
លោក Lin និយាយថា ប្រទេសទាំង ២នឹងសំឡឹងមើលកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងចំណោមប្រទេសធំៗ ដើម្បីដោះស្រាយការងារប្រឈមសកល ក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយនិងស្ថិរភាពខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ។
គួរឲ្យដឹងថា លោក Xi បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃចន្ទសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ ហើយលោកនឹងបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ ៕