ស្របពេលដែលសង្រ្គាមនៅប្រទេសស៊ូដង់ឈានដល់រយៈពេល ២ឆ្នាំនោះ គ្រោះទុរ្ភិក្សក៏កំពុងកើនឡើងផងដែរ ។
កម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិយាយថា ការធ្លាក់ចុះធនធានមូលនិធិសកល បានធ្វើឲ្យស្ថានភាពស្រេកឃ្លានកាន់តែស្មុគស្មាញខ្លាំង នៅក្នុងពេលវេលាដ៏លំបាកនេះ ។

លោក Sean Hughes គឺជាអ្នកសម្របសម្រួលគ្រាអាសន្នក្នុងតំបន់នៅប្រទេសស៊ូដង់របស់ WFP និយាយថា បច្ចុប្បន្នស៊ូដង់ក្លាយជាប្រទេសជួបវិបត្តិស្រេកឃ្លានធំបំផុតរបស់ពិភពលោក ។ ពលរដ្ឋជិតពាក់កណ្តាល ស្ថិតក្នុងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ។ គ្រោះទុរ្ភិក្សកំពុងរីករាលដាលយ៉ាងខ្លាំង ជាពិសេសនៅតំបន់ Darfur ។

លោក Hughes បន្តថា ស្បៀងតែម្យ៉ាង មិនអាចបញ្ចប់គ្រោះទុរ្ភិក្សបានទេ ។ ស៊ូដង់ត្រូវការការថែទាំសុខភាព ទឹកស្អាត និងអនាម័យ ។
លោកនិយាយទៀតថា តម្រូវការមូលដ្ឋាន ពុំបានឈានដល់នោះទេ ដោយសារការធ្លាក់ចុះជំនួយ និងបញ្ហាចូលដល់មុស្សដែលត្រូវបានធ្វើឲ្យនៅដាច់ដោយឡែក ដោយសារជម្លោះ ។ ដូច្នេះហើយការឆ្លើយតបទាំងមូលត្រូវការគាំទ្រ ដើម្បីអាចធ្វើឲ្យស្ថានការល្អប្រសើរឡើងវិញ និងចៀសវាងគ្រោះទុរ្ភិក្ស ។
កាលពីខែមីនាកន្លងទៅ WFP បានព្រមានថា មនុស្ស ៥៨លាននាក់ កំពុងស្ថិតក្នុងហានិភ័យនៃការការស្រេកឃ្លានធ្ងន់ធ្ងរ ឬភាពអត់ឈ្លាន លុះត្រាតែការផ្តល់មូលនិធិទទួលបាន ក្រោយការធ្លាក់ចុះដ៏គំហក់នៃជំនួយពីប្រទេសបរិច្ចាគក្នុងឆ្នាំនេះ រួមទាំងសហរដ្ឋអាមេរិកផងដែរ ។
អង្គការសហប្រជាជាតិ(UN) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីដើមឆ្នាំនេះថា ស្ថានភាពគ្រោះទុរ្ភិក្ស ត្រូវបានគេរាយការណ៍ថាកើតមាននៅតាមតំបន់ចំនួន ៥ក្នុងប្រទេសស៊ូដង់ រួមទាំងជំរំជនភៀសខ្លួនជាច្រើនកន្លែងនៅក្នុងតំបន់ Darfur ៕