កីឡាមហាជន៖ ក្នុងពិធីបិទកីឡាមហាជនជ្រើសរើសជើងឯកខេត្តកំពតប្រចាំឆ្នាំ២០២១ ឯកឧត្ដម អ៊ឹង ឆាយ អភិបាលរងខេត្តកំពតបានអំពាវនាវដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្តទាំងអស់សូមចូលរួមចំណែកបំផុសចលនាកីឡាឲ្យបានទូលំទូលាយ ជាពិសេសសកម្មភាពអប់រំកាយ និងកីឡាដើម្បីជាគោលដៅសុខភាពទាំងផ្លូវកាយ និងប្រាជ្ញាស្មារតីរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមបន្តថា អប់រំកាយ និងកីឡាមានតួនាទីសំខាន់ណាស់ក្នុងការបណ្ដុះធនធានមនុស្ស ឲ្យមានកាយសម្បទាមាំមួន មានប្រាជ្ញាភ្លឺថ្លា និងមានសីលធម៌ល្អ។ កីឡាបានក្លាយជាសេវាសុខភាពមានតម្លៃដូចសេវាសុខាភិបាលសាធារណៈដែរ។ ជាមួយគ្នានេះកីឡាករដែលជាប់ជ័យលាភីត្រូវបន្តហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីត្រៀមចូលរួមការប្រកួតកីឡាថ្នាក់ជាតិ ដណ្តើមនូវកិត្យានុភាពជូនខេត្តរបស់យើង។ មិនតែប៉ុណ្ណោះកីឡាករដែលអនុវត្តកីឡាជាប្រចាំ អាចជៀសផុតពីអំពើអបាយមុខផ្សេងៗដូចជាការប្រើអំពើហឹង្សា ការសេពគ្រឿងញៀន។ ល ។ ពីព្រោះកីឡានាំឲ្យមានវិន័យ សេចក្តីថ្លៃថ្លូរ និងកិត្តិយស។ ប្រការទាំងនេះហើយដែលនាំឲ្យប្អូនៗទាំងអស់ អាចក្លាយជាពលរដ្ឋល្អទៅថ្ងៃអនាគត។ លោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាបានបញ្ជាក់ថា ការប្រកួតនេះមានកីឡាករកីឡាការិនីជិត ៥០០នាក់ចូលរួមប្រកួតលើប្រភេទកីឡាបាល់ទាត់ ១០ក្រុម, បាល់បោះ ៤ក្រុម, បាល់បោះនារី ៤ក្រុម, ប៉េតង់បុរស ១១ក្រុម, ប៉េតង់នារី ៤ក្រុម និងអត្តពលកម្មបុរសនារី ១៦ក្រុម ហើយធ្វើការប្រកួតពីថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។
ចំពោះលទ្ធផលនៃការប្រកួតប្រភេទកីឡាបាល់ទាត់ ក្រុមសសយកស្រុកទឹកឈូក្លាយជាម្ចាស់ជើងឯក ក្រោយឈ្នះក្រុមបុរីរ៉ាត់ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ និងលេខ៣ ក្រុមរាជសីហ៍។ ចំនែកកីឡាបាល់បោះបុរស៖ លេខ១ ក្រុមសសយកក្រុងកំពត, លេខ២ ស្រុកទឹកឈូ និងលេខ៣ ក្រុងកំពត។ បោះនារី៖ លេខ១ ស្រុកជុំគីរី, លេខ២ ស្រុកទឹកឈូ និងលេខ៣ ស្រុកបន្ទាយមាស។ ក្រៅពីនោះនៅមានជ័យលាភីលេខ១ ដល់លេខ៣ លើប្រភេទកីឡាប៉េតង់ និងអត្តពលកម្មផងដែរ៕
អត្ថបទ៖ គង់ ហួន