ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃចន្ទថា លោកមានជំនឿថា អ៊ីរ៉ង់មានចេតនាពន្យាពេលកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ហើយពួកគេត្រូវតែបោះបង់ចោលកិច្ចខិតខំណាមួយសម្រាប់អាវុធនុយក្លេអ៊ែរ បើពុំដូច្នោះទេ ពួកគេនឹងប្រឈមនឹងលទ្ធភាពនៃការវាយប្រហារយោធាលើទីតាំងអាតូមិករបស់ទីក្រុងតេអេរ៉ង់ ។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និយាយថា ពួកគេមាននូវកិច្ចប្រជុំវិជ្ជមាន និងលក្ខណៈស្ថាបនានៅប្រទេសអូម៉ង់កាលពីថ្ងៃសៅរ៍កន្លងទៅ ហើយជុំទី ២នឹងរៀបចំឡើងក្នុងសប្តាហ៍នេះ នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ។
នៅពេលសួរថាតើជម្រើសឆ្លើយតបសហរដ្ឋអាមេរិកនឹងរួមបញ្ចូលទាំងការវាយប្រហារយោធាលើទីតាំងនុយក្លេអ៊ែរទីក្រុងតេអេរ៉ង់ឬ? លោក Trumpឆ្លើយថា វាជាការពិតណាស់ថា ពួកយើងនឹងត្រូវធ្វើបែបហ្នឹង ។
លោក Trumpនិយាយថា អ៊ីរ៉ង់ត្រូវធ្វើឲ្យបានលឿន ដើម្បីចៀសវាងការឆ្លើយតបធ្ងន់ធ្ងរ ពីព្រោះថា ពួកគេជិតផលិតបានអាវុធនុយក្លេអ៊ែរហើយ ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មាននូវជំនួបដោយប្រយោល អំឡុងអាណត្តិរបស់លោកអតីតប្រធានាធិបតី Joe Biden ប៉ុន្តែពួកគេមានដំណើរវិវត្តន៍ទៅមុខតិចតួចប៉ុណ្ណោះ ។
កិច្ចចរចាដោយផ្ទាល់រវាងរដ្ឋាភិបាលទាំង ២ បានធ្វើឡើងក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Barack Obama ដែលនាំឲ្យកើតមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិឆ្នាំ ២០១៥ ដែលក្រោយមកត្រូវបានបោះបង់ចោលដោយលោក Trump ៕