រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មលោក Peter Szijjarto បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបថា ហុងគ្រី នឹងមិនគាំទ្រការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ក្នុងវិស័យផ្គត់ផ្គង់ធនធានថាមពលនោះទេ។

សេចក្តីព្រាងកញ្ចប់ធំទី ១៧ នៃទណ្ឌកម្មប្រឆាំងរុស្ស៊ី ត្រូវបានពិភាក្សា។ Szijjarto បាននិយាយតាម ទូរទស្សន៍ M1ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrey Sibiga «បានទាមទារឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងការផ្គត់ផ្គង់ធនធានថាមពលរបស់រុស្ស៊ី និងឧស្សាហកម្មនុយក្លេអ៊ែរ»។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«សហសេវិកជាច្រើនមកពីសហភាពអឺរ៉ុប បានចូលរួមជាមួយការទាមទារទាំងនេះ។ យើងបានផ្ញើសារយ៉ាងច្បាស់ថា យើងនឹងមិនគាំទ្រសេចក្តីព្រាងកញ្ចប់ទណ្ឌកម្មនេះ តាមមធ្យោបាយណាមួយឡើយ»។

លោក Szijjarto បាននិយាយថា សំណើក៏ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន នៅក្នុងសហភាពអឺរ៉ុប ដើម្បីបន្ថែមរដ្ឋមន្ត្រីរុស្ស៊ីមួយចំនួន និងឧបនាយករដ្ឋមន្ត្រីស៊ែប៊ី ទៅក្នុងបញ្ជីដាក់ទណ្ឌកម្ម។ លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសហុងគ្រី បានព្រមានថា ខ្លួននឹងមិនគាំទ្រជំហានបែបនេះទេ។