
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និង គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
· សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលកូវីដ១៩មួយទំហំធំ ដែលអាចដាក់មនុស្សបានរាប់ម៉ឺននាក់ និងផ្នែកសង្គ្រោះបន្ទាន់រាប់រយគ្រែ ដើម្បីផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក ទុកបម្រើដល់វិស័យកីឡាវិញ។
· សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសារនយោបាយទៅបុគ្គលជាឧត្តមសេនីយ៍យោធា វៀតណាម ឈ្មោះ ង.ស៊ុនឆៀន ដែលបានវាយប្រហារមកលើកម្ពុជាពាក់ព័ន្ធបញ្ហាកូវីដ១៩ ដោយសម្តេចបញ្ជាក់ថា សំដីឧត្តមសេនីយ៍វៀតណាមរូបនោះ ជាការប្រមាថមកលើកម្ពជា ។
· សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនសំដៅលើប្រទេសវៀតណាមទេ គឺសំដៅលើបុគ្គលវៀតណាមម្នាក់តែប៉ុណ្ណោះ ទោះកម្ពុជាតូច ក្រ ក៏កម្ពុជាមានតម្លៃរបស់ខ្លួន នៅក្នុងការគិតគូរពីសុខុមាលភាពប្រជាជនខ្លួន ដែលមិនអាចទទួលយកការប្រមាថនេះបានឡើយ។
· សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅកម្ពុជា ដោយមានជំនួយបច្ចេកទេសពីមិត្តចិន ដែលជាការគិតគូរវែងឆ្ងាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ព្រោះយើងមិនដឹងថា ជំងឺនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ។ ការផលិតវ៉ាក់សាំងនៅកម្ពុជាដោយផ្ទាល់ នឹងចំណេញថ្លៃដើមផលិត ការដឹកជញ្ជូន និងប្រតិបត្តិការឆាប់រហ័ស។
· សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តគ្មានការប្រែប្រួលឡើយ។ ទោះបី ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ត្រូវឡើងតាមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
· សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនទៀត ដែលជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល។
· សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់បេក្ខភាព ហ៊ុន ម៉ាណែត គ្រាន់តែជាការដៅទុកតែប៉ុណ្ណោះ មិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ។ ដោយសម្តេចបានបញ្ជាក់ថា «ចុះបើឪនៅធ្វើនាយករដ្ឋមន្ត្រីច្រងោៗ តើឲ្យកូនធ្វើអីកើត ហើយខ្ញុំបានបញ្ជាក់ហើយថា ធ្វើនាយករដ្ឋមន្រ្តីដោយគ្មានការកំណត់…»។
· សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប៉ុន្មានថ្ងៃនេះសម្តេចបានចាត់មានមនុស្សដើរតាមផ្សារពាក់ព័ន្ធរឿងមានសារគាំទ្រ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ ។ សម្តេចបានទទួលសារ និងការលើកឡើងពីអ្នកផ្សារថា «ក្រៅពីត្រកូល ហ៊ុន មិនដឹងទៅទុកដាក់លើនរណាទេ…….»។
· សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពយ៉ាងខ្លាំង ចំពោះដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា សម្រេចបានលើសផែនការដែលបានគ្រោងទុក ដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលជាប្រសិទ្ធភាពនៃវ៉ាក់សាំងចិន។
· សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលខេត្តត្បូងឃ្មុំ យកចិត្តទុកដាក់ថែរក្សាតំបន់ប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន ឲ្យបានល្អ ដើម្បីទុកជាសក្ខីភាព និងជាកន្លែងសិក្សាស្វែងយល់របស់មហាជន។
· សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់រហូតដល់តុកាហ្វេ ដែលបានគាំទ្រប្រសាសន៍របស់សម្ដេច ដែលបានថ្លែងគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
· សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កុំឱ្យព្រួយបារម្ភថា ការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី កើតឡើងឆាប់ៗ ដោយសម្ដេចបញ្ជាក់ថា សម្ដេចនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីយ៉ាងហោច ១០ឆ្នាំទៀត។
· សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រី ក្នុងចិត្តរបស់សម្ដេច មានរហូតដល់ ៤រូប ប៉ុន្តែ សម្ដេចមិនបានបញ្ចេញឈ្មោះថា នរណាខ្លះនោះឡើយ លើកលែងតែឯកឧត្ដម ហ៊ុន ម៉ាណែត ដែលសម្ដេចបានបញ្ចេញឱ្យដឹងជាសាធារណៈកាលពីសប្ដាហ៍មុន។
· សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លទ្ធភាពភាគច្រើន សម្ដេចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រធានអាស៊ាន។ សម្ដេចតេជោបន្តថា នេះគឺ ជាវិធីក្នុងការធ្វើការដោះស្រាយជាមួយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
· សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្អែកនេះ សម្ដេចតេជោនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានៃរដ្ឋាភិបាលរបស់លោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង។
· សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះ(ឆ្នាំនេះកម្ពុជាជាប្រធានអាស៊ាន) គឺជាពេលពង្រឹងអាស៊ានឡើងវិញ ពីសមាជិក ៩ប្រទេស ទៅសមាជិក ១០ប្រទេសឡើងវិញ ព្រោះប្រទេសមីយ៉ាន់ម៉ាមិនបានប្រកាសចាកចេញពីអាស៊ាននោះឡើយ។
· សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ធម្មនុញ្ញអាស៊ាន មិនបានចែងពីការបណ្ដេញប្រទេសជាសមាជិកចេញពីសមាគមនោះឡើយ។
· សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា វិធីតែមួយគត់ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា គឺត្រូវជជែកជាមួយអ្នកកាន់អំណាចនៅមីយ៉ាន់ម៉ា។