ភ្នំពេញ៖ សង្ក្រាន្តវត្តភ្នំថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋ បណ្តាភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ នាំគ្នាទៅលេងកម្សាន្តយ៉ាងសប្បាយអឺងកង ។
នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ នៅតែបន្តនាំគ្នាទៅកម្សាន្តសង្ក្រាន្តវត្តភ្នំ តាមរយះការលេងល្បែងប្រជាប្រិយនានារបស់ខ្មែរ រួមទាំងការកម្សាន្តសប្បាយជាមួយការលេងបាញ់ទឹក បាតម្ស៉ៅ នៅទីតាំងដែលអាជ្ញាធរមានការរៀបចំ និងការដើរទស្សនាផ្ទាំងទស្សនីយភាពជាច្រើនផ្សេងទៀត ដែលបានរៀបចំតាំងបង្ហាញនៅទីតាំងដែលមានការរៀបចំសង្ក្រាន្តខាងលើនេះ ។
ប្រជាពលរដ្ឋ និងភ្ញៀវជាតិដែលបានចូលរួមលេងកម្សាន្ត ដែលក្តីរីករាយ ចំពោះការរៀបចំរបស់រាជរដ្ឋាភិបាល តាមរយះរដ្ឋបាលរាជធានីភ្នំពេញ ដែលជាឱកាសអាចឱ្យពួកគាត់បានជួបជុំគ្នាកម្សាន្តសប្បាយក្នុងឱកាសឆ្នាំថ្មី ។
ពួកគាត់បន្តថា ក្រោមដំបូល នៃសុខសន្តិភាពដ៏ពេញលេញរបស់ប្រទេសជាតិ ទើបយើងអាចមានការរៀបចំប្រារព្ធកម្មវិធីជាតិជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងបណ្តាភ្ញៀវជាជាតិសាសន៍ដទៃ លេងកម្សាន្តបានសប្បាយដោយមិនមានការព្រួយបារម្ភលើបញ្ហាសន្តិសុខសុវត្ថិភាព ។
សូមបញ្ជាក់ថា ចំពោះលំហូរចរាចរណ៍ នៅជុំវិញបរិវេណតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាទីតាំងប្រារព្ធពិធី ត្រូវបានអាជ្ញាធរបិទចរាចរណ៍ទាំងស្រុង ។ បន្ថែពីនោះ អាជ្ញាធររាជធានី ក៏បានបើកផ្លូវថ្មើរជើង Walk Street បន្ថែមរយៈពេល០៦ថ្ងៃផងដែរ ដើម្បីទុកលទ្ធភាព និងជាការពង្រីកវិសាលភាពឱ្យកាន់តែធំទូលាយសម្រាប់ពលរដ្ឋ និងភ្ញៀវអន្តរជាតិដើរកម្សាន្តដោយមិនមានការព្រួយបារម្ភពីចរាចរណ៍លើដងផ្លូវ ៕ អត្ថបទ ៖ លីហេង