សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងវិធីបើក «ក្បួនដង្ហែអង្គរសង្ក្រាន្តឆ្នាំ២០២៥» នៅឯបរិវេណខាងលិចស្ពានហាល ប្រាសាទអង្គរវត្ត នាចុងរសៀលថ្ងៃទី១ នៃពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម និងផ្ដល់ទស្សនីយភាពដ៏អស្ចារ្យ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្រ្តីរាជរដ្ឋាភិបាល អ្នកតំណាងរាស្រ្ត មន្រ្តីរាជការ មន្រ្តីការទូត សិល្បករ យុវជនទាំងខ្មែរ និងបរទេស ព្រមទាំងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ទៀតផង។

ក្រោមប្រធានបទ «ញញឹមសាទរ» ក្បួនដង្ហែរអង្គរសង្ក្រាន្ត ដែលមានរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៦ ខែមេសា បានបង្ហាញភាពរស់រវើកនៃកោសិកាទាំងអស់នៅក្នុងសង្គមកម្ពុជា និងបង្ហាញសាមគ្គីភាព, ភាពស្វាហាប់ និងទន់ភ្លន់តែម៉ឺងម៉ាត់របស់យុវជន។ «ញញឹមសាទរ» ក៏បានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ដោយពលរដ្ឋខ្មែរបានបញ្ចេញគឺស្នាមញញឹម និងអបអរសាទរដល់សង្គមមួយប្រកបដោយភាពរស់រវើក មានអត្តសញ្ញាណដ៏ផូរផង់។ ស្នាមញញឹមរបស់ពលរដ្ឋខ្មែរក៏បង្ហាញពីសេចក្ដីសោមនស្សចំពោះអ្វីដែលខ្លួនបានឆ្លងកាត់ និងទទួលបានជ័យជម្នះ ព្រមទាំងបង្ហាញមោទកភាពក្នុងភាពជាជាតិសាសន៍មួយដែលមានវ័យចំណាស់នៅលើពិភពលោក។


ក្បួនដង្ហែអង្គរសង្ក្រាន្ត ជាកម្មវិធីមួយដ៏មានប្រជា ប្រិយភាព និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមទស្សនាជាច្រើនអង្គ/នាក់។ ក្បួនដង្ហែក៏មានការនិមន្ត និងចូលរួមពីសិល្បករ សិល្បការិនី យុវជន យុវនារីខ្មែរ និងបរទេស ព្រមទាំងប្រជាពលរដ្ឋ ដោយដើរជាក្បួន បែងចែកជាផែន ហើយទិដ្ឋភាពនៅក្នុងព្រឹត្តិការណ៍បានបង្កប់ខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ។





