បែលហ្សិក៖ កុបកម្មប្រឆាំងវិធានការបិទខ្ទប់បានផ្ទុះឡើងនៅថ្ងៃនេះក្នុងប្រទេសបែលហ្សិក ខណៈដែលការតវ៉ាបានរីករាលដាលពាសពេញអឺរ៉ុបជុំវិញក្ដីបារម្ភថា បុណ្យណូអែលអាចត្រូវបានលុបចោលដោយសារតែវីរុសរាតត្បាតសកល Covid-19។ មនុស្ស ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងនោះមាននគរបាល ២នាក់ ស្របពេល ២០នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការតវ៉ាបានផ្ទុះឡើងនៅទីក្រុងប្រ៊ុចសែល។

នគរបាលនៅទីក្រុងប្រ៊ុចសែលបានប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហៀរទឹកភ្នែក ខណៈមនុស្ស ៨.០០០នាក់បានចូលរួមការតវ៉ានៅក្នុងរដ្ឋធានីនេះប្រឆាំងនឹងការរឹតត្បិតថ្មីដែលបានណែនាំកាលពីថ្ងៃសុក្រ។ ហ្វូងមនុស្សស្រែកថា "សេរីភាព! សេរីភាព!" ហើយបានកាន់បដាដែលអានថា "ហ្វាស៊ីសនិយមប្រចាំថ្ងៃ នៅពេលពួកគេដើរឆ្ពោះទៅកាន់ទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប។ បាតុកម្មបានប្រែក្លាយជាហិង្សានៅពេលដែលក្រុមកុបករចំនួន ១០០នាក់បានគប់សំរាម និងវត្ថុផ្សេងទៀតរួមមានកង់ កំប៉ុងស្រាបៀរ និងផាវទៅលើកងកម្លាំងនគរបាល។ ប្រតិកម្មជាសាធារណៈដ៏ខ្លាំងក្លាបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលបានរឹតបន្តឹងរយៈពេល ៣សប្តាហ៍ជាប់ៗគ្នាដោយបង្ខំឱ្យក្មេងអាយុក្រោម ៦ឆ្នាំពាក់ម៉ាស់ និងបញ្ជាឱ្យបិទសាលារៀនមួយសប្តាហ៍មុននេះ។
ប្រទេសបែលហ្ស៊ិកដែលមានប្រជាជនជាង ១១លាននាក់បានកត់ត្រាករណីឆ្លងថ្មី នៃវីរុសកូរ៉ូណាជាមធ្យមប្រចាំថ្ងៃនៅសប្តាហ៍នេះចំនួន ១៧,៨៦២នាក់ដោយមានការកើនឡើង ៦% ពីសប្តាហ៍មុន ខណៈចំនួនអ្នកជំងឺចូលមន្ទីរពេទ្យក៏កើនឡើង ៤% ផងដែរ។ ការតវ៉ាក៏បានចាប់ផ្តើមនៅទូទាំងរដ្ឋធានីអឺរ៉ុបនៅចុងសប្តាហ៍នេះ ខណៈករណីឆ្លងវីរុសខ្ពស់វិលត្រឡប់មកវិញនៅមុនបុណ្យណូអែល។ ករណីច្រើនជាង ២.៥លានត្រូវបានកត់ត្រាក្នុងសប្តាហ៍មុនតែមួយគត់នៅទូទាំងទ្វីបអឺរ៉ុប ស្របពេលមានការកើនឡើងខ្លាំងនៅក្នុងប្រទេសបារាំង ហូឡង់ អ៊ីតាលី អូទ្រីស និងអាល្លឺម៉ង់។ ការរឹតបន្តឹងថ្មីកំពុងត្រូវបានដាក់ចេញនៅទូទាំងទ្វីប ជាមួយនឹងវិធានការដូចជាការផាកពិន័យធ្ងន់ធ្ងរ ការចាក់វ៉ាក់សាំងជាកាតព្វកិច្ច និងការបិទខ្ទប់ទាំងស្រុងសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង៕
អត្ថបទ៖ សុខមាន