ការធ្វើសមាធិគឺជាផ្នែកមួយរបស់សាសនា ហើយក៏ធ្វើឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរផងដែរ។
ការរៀបចំពិធីសមាធិ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ជាឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នា នៅឯប្រាសាទអង្គរវត្ត ហើយ មានបំណងចូលរួមចំណែកបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ពីសារៈប្រយោជន៍ នៃការធ្វើសមាធិ។
ទន្ទឹមនឹងនោះ ពិធីនេះក៏បានបណ្ដុះស្មារតីចំពោះការធ្វើសមាធិ នៅក្នុងជីវិតប្រចាំថ្ងៃ ព្រោះថា សមាធិជាផ្នែកមួយដែលនាំមានសន្ដិភាពផ្លូវចិត្តដែរ។
ពិធីសមាធិ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដបានប្រារព្ធឡើងនាថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងក្ដារបែនខាងលិចប្រាសាទអង្គរវត្ត នាវេលាម៉ោង ៦:២០នាទីល្ងាច៕















