បាត់ដំបង៖ក្រុមការងារសហភាពសហព័ន្ធយុជនកម្ពុជាខេត្តបាត់ដំបងបានដឹកនាំយុវជនលេងល្បែងប្រជាប្រិយខ្មែរយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង។សកម្មភាពនៃការលេងល្បែងប្រជាប្រិយរួមមាន វាយក្អម ដណ្ដើមស្លឹកឈើ លាក់កន្សែង ប្រដាល់ធ្លាក់ទឹក ផ្លុំផ្សៅរកកាក់ និងប្រណាំងកង់យឺតជាដើម។
ជាមួយគ្នានោះ យុវជន បានបញ្ជាក់ពីការត្រៀមខ្លួនចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងអំពាវនាវឱ្យពលរដ្ឋ និងយុវជនផ្សេងៗទៀតចូលរួមលេងល្បែងប្រជាប្រិយខ្មែរកាន់តែផុសផុលបន្ថែមទៀត ដើម្បីថែរក្សាការពារ និងលើកស្ទួយវប្បធម៌ប្រពៃណីរបស់ខ្មែរ។
សូមជម្រាបថា រដ្ឋបាលបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំកម្មវិធីសិល្បៈ ការលេងល្បែងប្រជាប្រិយផ្សេងៗ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបងតាមរយៈការរៀបចំដាក់តាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំងបង្ហាញមុខម្ហូប អ្នកបាត់ដំបង ដូងខ្ទះយក្ស ក្រូចយក្ស ទុរេនយក្ស ណែមយក្ស ព្រមទាំងមានតំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងទឹកកំសាន្ត។
ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅ បរិវេណសួនវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕












