
នាវាផ្ទុកយន្តហោះទី២របស់សហរដ្ឋអាមេរិក បានមកដល់ឆ្នេរសមុទ្រនៃប្រទេសយេម៉ែន ខណៈដែលទីក្រុងវ៉ាស៊ីនតោន បង្កើនការវាយប្រហាររបស់ខ្លួន ទៅលើគោលដៅរបស់ក្រុមជីវពលហ៊ួទី។ នេះបើយោងតាមរូបភាពផ្កាយរណបថ្មី។
នាវា USS Carl Vinson កំពុងប្រតិបត្តិការលើផ្លូវដឹកជញ្ជូនសំខាន់ៗ ភាគឦសាននៃកោះ Socotra ក្នុងមហាសមុទ្រឥណ្ឌា ក្បែរមាត់ឈូងសមុទ្រ Aden។
នាវាផ្ទុកយន្តហោះនេះ ត្រូវបានអមដំណើរដោយនាវា USS Princeton បំពាក់ដោយមីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយ និងនាវាពិឃាត USS Sterett និង USS William P. Lawrence បំពាក់ដោយមីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយ។
សហរដ្ឋអាមេរិក បានបញ្ជូននាវា Vinson ដើម្បីជួយគាំទ្រនាវាផ្ទុកយន្តហោះ USS Harry S. Truman ដែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមហ៊ួទី ចាប់តាំងពីថ្ងៃទី ១៥ ខែមីនា។

រូបភាពវីដេអូដែលចេញផ្សាយដោយកងទ័ពជើងទឹកអាមេរិក បានបង្ហាញឲ្យឃើញនាវា Vinson រៀបចំបញ្ជា និងចាប់ផ្តើមដំណើរការយន្តហោះចម្បាំង F-35 និង F/A-18 ហោះចេញពីនាវានេះ។ ទីបញ្ជាការ កណ្តាលរបស់សហរដ្ឋអាមេរិក ក៏បានបង្ហោះវីដេអូដែលនិយាយថា មានការវាយប្រហាររយៈពេល ២៤ ម៉ោង ក្នុង១ថ្ងៃ និង ៧ថ្ងៃ ក្នុង១សប្តាហ៍ ទៅលើក្រុមហ៊ួទី ដោយនាវាផ្ទុកយន្តហោះចំនួនពីរ គ្រឿង។