វាយកូនបាល់៖ ក្រុមវាយកូនបាល់នៃសហព័ន្ធកីឡាវាយកូនបាល់រុស្ស៊ី បានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតពានរង្វាន់ Davis Cup ដែលរៀបចំនៅប្រទេសអេស្ប៉ាញក្រោយយកឈ្នះក្រុមក្រូអាស៊ីនៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករលេខ២ ពិភពលោក Daniil Medvedev បានយកឈ្នះ Marin Cilic ៧-៦(៩-៧) និង ៦-២ ដើម្បីឱ្យក្រុមរុស្ស៊ីយកឈ្នះប្រកួតទី២ បន្ទាប់ពី Andrey Rublev យកឈ្នះប្រកួតទី១ លើ Borna Gojo ៦-៤ និង ៧-៦(៧-៥) ដើម្បីយកឈ្នះក្រុមជើងឯកឆ្នាំ២០១៨ ក្រូអាស៊ី ២-០ មិនចាំបាច់លេងប្រកួតទីបីវិញ្ញាសាវាយគូ។ នេះជាឆ្នាំដ៏អស្ចារ្យមួយសំរាប់ Daniil Medvedev ដែលទើបឈ្នះជើងឯក Grand Slam ដំបូងក្នុងអាជីពនៅ US Open ហើយក៏បានឈ្នះជើងឯក Davis Cup បញ្ចប់ឆ្នាំ២០២១ នេះទៀត។ រុស្ស៊ីគឺជាប្រទេសទី៤ ដែលឈ្នះជើងឯកទាំង Davis Cup និង Billie Jean King Cup ក្នុងឆ្នាំតែ១។ Billie Jean King Cup ជាការប្រកួតដែលមានទំរង់ដូចគ្នានឹង Davis Cup ដែរតែជាការប្រកួតផ្នែកនារី៕
អត្ថបទ៖នាង សុភាវុធ