សេតវិមាន កាលពីថ្ងៃអង្គារ (ទី១៥ ខែមេសា) បានឲ្យដឹងថា លោក Donald Trump ជឿថា អ្វីៗស្ថិតនៅលើប្រទេសចិន មិនមែនសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានក្បត់ពាក្យសន្យា ជុំវិញកិច្ចព្រមព្រៀងដ៏ធំរបស់ក្រុមហ៊ុន Boeing។
នៅឯសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ លោកស្រី Karoline Leavitt បានលើកឡើងពីសេចក្តីថ្លែងការណ៍របស់លោក Trump ដែលបានរៀបរាប់ថា៖ «ការទទួលខុសត្រូវជារបស់ប្រទេសចិន។ ប្រទេសចិនត្រូវតែធ្វើកិច្ចព្រមព្រៀងជាមួយយើង។ យើងមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងជាមួយពួកគេទេ»។ លោកស្រី Leavitt បានបន្ថែមថា៖ «មិនមានភាពខុសគ្នា រវាងប្រទេសចិន និងប្រទេសផ្សេងទៀតទេ លើកលែងតែប្រទេសនេះ មានទំហំធំជាងគេ»។
ការអត្ថាធិប្បាយរបស់លោកស្រី Leavitt បានកើតឡើងបន្ទាប់ពីលោក Trump បានចោទប្រកាន់ប្រទេសចិនថា បានរំលោភកិច្ចព្រមព្រៀងដ៏ធំមួយជាមួយក្រុមហ៊ុនអាកាសចរណ៍យក្សអាមេរិក គឺ Boeing បន្ទាប់ពីមានរបាយការណ៍របស់សារព័ត៌មាន Bloomberg ដែលថា ទីក្រុងប៉េកាំងបានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍កុំទទួលយកការចែកចាយយន្តហោះរបស់ក្រុមហ៊ុនបន្ថែមទៀត។
ជាមួយគ្នានេះ សេចក្ដីរាយការណ៍នោះក៏បានឲ្យដឹងផងដែរថា ទីក្រុងប៉េកាំងបានស្នើក្រុមហ៊ុនអាកាសចរណ៍របស់ចិនឲ្យផ្អាកការទិញឧបករណ៍ និងគ្រឿងបន្លាស់ទាក់ទងនឹងយន្តហោះពីក្រុមហ៊ុនអាមេរិក។
នៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social ដោយសំដៅទៅលើប្រទេសចិន លោក Trump បានលើកឡើងថា «កិច្ចព្រមព្រៀងដ៏ធំរបស់ Boeing ត្រូវបានរំលោភ»។ តែយ៉ាងណាក្ដី លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត អំពីកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Boeing ដែលលោកចង់សំដៅលើនោះទេ។
លោក Trump បានដំឡើងអត្រាពន្ធថ្មីទាំងលើប្រទេសសម្ព័ន្ធមិត្ត និងគូអរិ ចាប់តាំងពីបានវិលត្រលប់មកកាន់តំណែងជាប្រធានាធិបតីវិញនៅឆ្នាំនេះ ប៉ុន្តែបានផ្ដល់ការប៉ះពាល់ធ្ងន់ធ្ងរបំផុតជាងគេដល់ប្រទេសចិន ដោយដាក់ពន្ធបន្ថែម ១៤៥ភាគរយលើការនាំចូលរបស់ចិនជាច្រើន៕