ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា រញ្ជួយដីកម្រិត ៥,៦រ៉ិចទ័រ បានកើតមាននៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃពុធ (ទី១៦ ខែមេសា) ដោយភ្លាមៗនេះ មិនមានរបាយការណ៍ អំពីការខូចខាត ឬអ្នកស្លាប់ និងរបួសនោះឡើយ។
USGS បានបន្ថែមថា ការរញ្ជួយដីនៅឆ្នេរនៃកោះ Mindanao នេះ មានជម្រៅ ៣០គីឡូម៉ែត្រ។ វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានដាក់ចំណុចកណ្តាលនៃការរញ្ជួយនេះ ចម្ងាយប្រហែល ៤៣គីឡូម៉ែត្រ នៅភាគនិរតីនៃទីក្រុង Maitum ដែលមានទីតាំងនៅតំបន់ភ្នំ និងមានប្រជាជនតិច។
អាជ្ញាធរមូលដ្ឋាន បានប្រាប់សារព័ត៌មាន AFP ថា គ្រោះរញ្ជួយដីនេះ មិនបានបង្កឲ្យមានការខូចខាតអ្វីធំដុំឡើយ។ មន្ត្រីផ្នែកពន្លត់អគ្គិភ័យ លោក Gilbert Rolifor នៅក្រុង Maitum បាននិយាយថា៖ «វាខ្លាំង ប៉ុន្តែមិនយូរទេ។ យើងបានពិនិត្យ ប៉ុន្តែវាមិនមានការខូចខាត ឬមានអ្នកស្លាប់ និងរបួសឡើយ»។
គួរបញ្ជាក់ាថា រញ្ជួយដី គឺតែងកើតឡើងប្រចាំថ្ងៃនៅក្នុងប្រទេសហ្វីលីពីន ដែលស្ថិតនៅតាមបណ្តោយ «Ring of Fire» (កងភ្លើង) របស់មហាសមុទ្រប៉ាស៊ីហ្វិក ជាចំណុចនៃការរញ្ជួយដី និងភ្នំភ្លើងសកម្មខ្លាំងក្លាដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក។ តែដោយភាគច្រើន ការរញ្ជួយមានកម្រិតខ្សោយ៕