អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ៥១.០០០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះចុងក្រោយបំផុតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរសុខាភិបាល បាននិយាយថា មនុស្ស ១១៦.៣៤៣នាក់ ផ្សេងទៀត បានរងរបួស នៅក្នុងការវាយលុករបស់យោធាអ៊ីស្រាអែលដែលកំពុងបន្ត។
អាជ្ញាធរសុខាភិបាល បានបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៧នាក់ ត្រូវបានសម្លាប់ និង ៦៩នាក់ផ្សេងទៀត បានរងរបួស ដោយការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអែល នៅក្នុងតំបន់ផ្សេងៗ នៅក្នុងដែនដីនេះ។
សេចក្តីរាយការណ៍ បានបន្ថែមថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាអ៊ីស្រាអែលឡើងវិញ នៅតំបន់ហ្កាហ្សា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំនេះ ជនជាតិប៉ាឡេស្ទីនចំនួន ១.៦៣០នាក់ ត្រូវបានសម្លាប់ និង ៤.៣០២ នាក់ផ្សេងទៀត បានរងរបួស។
កាលពីថ្ងៃអង្គារ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបន្តបើកការវាយប្រហារផ្លូវអាកាសលើទីតាំងជាច្រើន ក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ យោងតាមសេចក្តីរាយការណ៍សារព័ត៌មានប៉ាឡេស្ទីន Al-Quds ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអង្គារ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្ស ២៣នាក់ស្លាប់ នៅក្នុងតំបន់ហ្កាហ្សា។