បាល់ទាត់៖ ក្រុមដំរីសឹកថៃបើកយុទ្ធនាការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អាស៊ាន ២០២០ ពូល B ដោយបានយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ២ទល់នឹង០ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិសិង្ហបុរី។ ជំនួបនេះតង់ទី១ ក្រុមទាំងពីរស្មើគ្នា ០ទល់នឹង០ ទោះបីថៃមានឱកាសដាក់សម្ពាធលើកគូប្រកួតច្រើនយ៉ាងណាក៏ដោយ។

ប៉ុន្តែនៅតង់ទី២ នាទីទី៥១ ថៃបើកការនាំមុខពេលដែលកីឡាករ Pathompol Charoenrattanapirom ស៊ុតបញ្ចូលទីបានសម្រេចបន្ទាប់ពីកីឡាករ Weerawatnodom បញ្ជួនបាល់ឱ្យ។ ៩នាទីមុនចប់ការប្រកួត ថៃនាំមុខ ១គ្រាប់ទៀតដោយគ្រាប់បាល់របស់កីឡាករ Supachok Sarachat។ ចប់ការប្រកួតថៃឈ្នះទីម័រខាងកើត ២ទល់នឹង០ និងមាន ៣ពិន្ទុក្នុងដៃ។ គ្រូបង្វឹកជម្រើសជាតិថៃលោក Alexandre Polking បានសម្តែងនូវក្តីរីករាយដែលក្រុមដណ្តើមបាន ៣ពិន្ទុពីការប្រកួតនេះ ហើយក៏អបអរសាទរដែលកីឡាករក្មេងៗរបស់ទីម័រខាងកើត ដែលលេងការពារនឹងវាយបក តែលោកសារភាពថាពិតជាលំបាកពេលដែលលេងជាមួយក្រុមដែលការពារបានល្អដូចគ្នា។ ប្រកួតបន្ទាប់ថៃត្រូវជួបជាមួយសហភាពមីយ៉ាន់ម៉ា។
ចំនែកគ្រូបង្វឹកទីម័រខាងកើតលោក Fabio Maciel ប្រាប់អ្នកសារព័ត៌មានក្រោយការប្រកួតថា លោកពិតជាមានមោទនភាពចំពោះកូនក្រុមរបស់លោក ដែលហ៊ានលេងជាមួយក្រុមមួយដែលទំនងអាចនឹងក្លាយជាជើងឯក ទោះបីពូកគេមានអាយុមធ្យម ២០ឆ្នាំក៏ដោយ។ ប្រកួតបន្ទាប់ជម្រើសជាតិទីម័រខាងកើតនឹងជួបជាមួយសហភាពមីយ៉ាន់ម៉ា មុនជួបហ្វីលីពីន និងសិង្ហបុរី៕
អត្ថបទ៖ គង់ ហួន