នគរបាលកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី១៦ ខែមេសា) បានឆ្មក់ចូលការិយាល័យរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol និងអង្គភាពការពារសុវត្ថិភាពរបស់លោក ជាផ្នែកមួយនៃការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ជុំវិញបទល្មើសព្រហ្មទណ្ឌរបស់មេដឹកនាំដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង។
គួររំលឹកថា លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក កាលខែធ្នូឆ្នាំមុន ដោយបានបញ្ជូនទាហានប្រដាប់អាវុធទៅសភា មុនពេលកែប្រែវិធានការនោះវិញ។ ភ្លាមៗ លោកត្រូវបានតំណាងរាស្ត្រចោទប្រកាន់ទម្លាក់តំណែង ប៉ុន្តែបានតទល់មិនព្រមឲ្យចាប់ខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍ អំឡុងការស៊ើបអង្កេតព្រហ្មទណ្ឌ។
បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាយូរ ដែលក្រុមការពារសន្តិសុខរបស់លោក បានដើរតួធំជាងគេ ក្នុងការរារាងនោះ ទីបំផុត លោក Yoon បានក្លាយជាប្រមុខរដ្ឋដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួននៅក្នុងខែមករា។ ក្រោយមក រូបលោកត្រូវបានដោះលែងដោយផ្អែកតាមនីតិវិធី។
នៅថ្ងៃពុធនេះ នគរបាលបានឲ្យដឹងថា ពួកគេបាន «ចាប់ផ្តើមអនុវត្តដីកាស្វែងរក និងរឹបអូស នៅការិយាល័យប្រធានាធិបតី និងអគារនិវេសនដ្ឋានប្រធានាធិបតី»។
លោក Yoon បានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃចន្ទ ដែលជាថ្ងៃផ្លូវការដំបូងនៃការកាត់ក្តី ក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបះបោរ។ លោក Yoon បានបដិសេធថា លោកមិនបានធ្វើការបះបោរនោះឡើយ។ សវនាការបន្ទាប់របស់លោកត្រូវបានកំណត់ពេលនៅថ្ងៃទី២១ ខែមេសា ដោយអ្នកជំនាញនិយាយថា ការកាត់ក្តីទំនងជាបន្តមានជាច្រើនខែ៕