ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាឲ្យដឹងថា លោក Benjamin Netanyahu បានទៅបំពេញទស្សនកិច្ចនៅភាគខាងជើងហ្កាហ្សា កាលពីថ្ងៃអង្គារ (ទី១៤ ខែមេសា) អមដោយរដ្ឋមន្ត្រីការពារជាតិ ប្រមុខយោធា និងមន្ត្រីជាន់ខ្ពស់ដទៃទៀតរបស់ប្រទេស។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រី បានលើកឡើងថា លោក Netanyahu បានទទួលការផ្ដល់ព័ត៌មានសង្ខេប អំពីសន្តិសុខ នៅភាគខាងជើងហ្កាហ្សា ស្តីពីកិច្ចប្រឹងប្រែងរបស់យោធា ក្នុងការធ្វើឲ្យចំណាប់ថ្នូរអ៊ីស្រាអែលមានសេរីភាព និងកម្ចាត់ក្រុមហាម៉ាស។
ការិយាល័យរបស់លោក Netanyahu បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីដែលបាននិយាយអំឡុងពេលជួបជាមួយទាហានថា៖ «យើងទទូចឲ្យដោះលែងចំណាប់ថ្នូរ ហើយយើងទទូចឲ្យសម្រេចបាននូវគោលដៅទាំងអស់របស់យើង សម្រាប់សង្គ្រាមនេះ ហើយយើងកំពុងតែធ្វើដូច្នេះ ដោយសារយុទ្ធជនដ៏ក្លាហានរបស់យើង»។
យ៉ាងណាក្ដី សេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់ពីកន្លែងដែលលោក Netanyahu បានទៅទស្សនកិច្ចនៅភាគខាងជើងហ្កាហ្សានោះឡើយ ឬមិនបាននិយាយសំដៅទៅដល់ការអះអាងរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី១៥ ខែមេសា ដែលថា ខ្លួនបានបាត់បង់ទំនាក់ទំនងជាមួយអ្នកដែលយាមចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល-អាមេរិក ឈ្មោះ Edan Alexander បន្ទាប់ពីយោធាបានទម្លាក់គ្រាប់បែកលើទីតាំងរបស់ពួកគេ។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតែឃុំខ្លួនចំណាប់ថ្នូរចំនួន ៥៩នាក់ទៀត។ ចំណាប់ថ្នូរជិត ២០០នាក់ ត្រូវបានដោះលែងដោយក្រុមហាម៉ាស ឬត្រូវបានជួយសង្គ្រោះដោយយោធាអ៊ីស្រាអែល ក្នុងអំឡុងពេលនៃសង្រ្គាមដែលឥឡូវនេះ ចូលដល់ខែទី១៨ ហើយ៕