
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានអះអាងថា ការបន្តរបស់សហភាពអឺរ៉ុប គឺចាំបាច់ ដើម្បីខ្លួនអាចចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ។
លោកស្រី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Die Zeit ថា៖«យើងត្រូវការសហភាពអឺរ៉ុបថ្មីមួយទៀត ដែលត្រៀមរួចជាស្រេច ដើម្បីចូលទៅក្នុងពិភពដ៏ធំមួយ និងដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មីនេះ ដែលនឹងកើតឡើង។ លោកស្រីបានបញ្ជាក់ថា សហភាពអឺរ៉ុប ត្រូវខិតខំប្រឹងប្រែង ដើម្បីវឌ្ឍនភាពក្នុងផ្នែកពីរ។ លោកស្រី បានសង្កត់ធ្ងន់ថា៖ «ការកសាងសមត្ថភាពការពារខ្លួនរបស់យើង និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់យើង»។

ដោយនិយាយអំពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក លោក von der Leyen បានចង្អុលបង្ហាញពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងជាមួយដៃគូផ្សេងទៀត។ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាពរវាងជនជាតិអាមេរិក និងអឺរ៉ុប នៅតែមាន។ ប៉ុន្តែការពិតថ្មីក៏រួមបញ្ចូលការពិតដែលថា រដ្ឋផ្សេងទៀតជាច្រើនកំពុងស្វែងរកការខិតទៅជិតយើង។ ចំនួន ១៣% នៃពាណិជ្ជកម្មសកល គឺជាមួយសហរដ្ឋអាមេរិក។ ចំនួននោះ គឺច្រើនណាស់។ លោកស្រី បានពន្យល់ថា ចំនួន ៨៧% នៃពាណិជ្ជកម្មរបស់ពិភពលោក គឺជាមួយប្រទេសផ្សេងទៀត ដោយបន្ថែមថា«ពួកគេទាំងអស់គ្នាចង់ បានការព្យាករណ៍ និងច្បាប់ដែលអាចទុកចិត្តបាន»។