ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្ដេចរីករាយនឹងជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដាក់ចេញនូវទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សំដៅសម្រេចបាននូវឧត្តមប្រយោជន៍រួមជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសុន្ទរកថាស្វាគមន៍ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥នេះ។
ជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី មានប្រសាសន៍ថា ទស្សនកិច្ចនេះបានស្ដែងឱ្យឃើញនូវសារសំខាន់ និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន។ សម្ដេចបានរម្លឹកឡើងថា មិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពប្រវត្តិសាស្រ្ដ និងយូរអង្វែង ខណៈប្រទេសកម្ពុជា ចិន បានពង្រឹងនឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអំឡុងពេល ៦៧ ឆ្នាំចុងក្រោយនេះ ដោយបានចាប់ផ្ដើមនៅជំនាន់សម្ដេចព្រះមរមរតនកោដ្ឋ នរោត្តម សីហនុ បន្តដល់ជំនាន់សម្ដេចតេជោ ហ៊ុន សែន មកដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន។
សម្ដេចធិបតីមានប្រសាសន៍ថា ទំនាក់ទំនង កម្ពុជា-ចិន ឈានដល់កម្រិតខ្ពស់បំផុត ជាដៃគូរយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ សម្ដេចធិបតី បានបន្តថា ប្រទេសកម្ពុជា-ចិន កំពុងរួមគ្នា បង្កើតសមិទ្ធផលថ្មីៗ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ និងក្របខណ្ឌ និងក្របខណ្ឌសហគមន៍វាសនារួមដើម្បីផលប្រយោជន៍រួមដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ស្នើភាព ស្នើសិទ្ធិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ចំពោះកម្ពុជា មិត្តចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងទេសចរណ៍។ សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ភាពជាដៃគូកម្ពុជា-ចិន ក៏ជួយពង្រឹងឯករាជ្យភាព សមត្ថភាពកម្ពុជា និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា៖«សម្ដេចរីករាយនឹងជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដាក់ចេញនូវទិសដៅបន្តនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សំដៅសម្រេចបាននូវឧត្តមប្រយោជន៍រួមជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ»។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមនឹងជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។ ក្រៅពីនេះ ក៏មានឯកសារជាច្រើន ដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានាផងដែរ៕




