
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ( Xi Jinping) បានអំពាវនាវឲ្យមានការគាំទ្រដល់ប្រព័ន្ធអន្តរជាតិដែលយកអង្គការសហប្រជាជាតិ (UN) ពាណិជ្ជកម្ម និងនីតិរដ្ឋជាគោលសំខាន់ ខណៈដែលលោកបានបន្តដំណើរទស្សនកិច្ច នៅតំបន់អាស៊ីអាគ្នេយ៍ ចំពេលមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនង រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លោក ស៊ី កំពុងមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ី ជាផ្នែកនៃដំណើរទស្សនកិច្ច នៅអាស៊ីអាគ្នេយ៍ចំនួន ៣ប្រទេស ដែលរួមមានវៀតណាម និងកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងដ៏ជិតស្និទ្ធបំផុតរបស់ចិន ខណៈដែលភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក កាន់តែឡើងកម្ដៅខ្លាំងទៅៗ។
ក្នុងអត្ថបទបង្ហាញពីទស្សនៈដែលត្រូវបានចេញផ្សាយជាភាសាអង់គ្លេសដោយសារព័ត៌មាន The Star របស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ (ទី១៥ ខែមេសា) លោក ស៊ី បានលើកឡើងថា ប្រព័ន្ធអន្តរជាតិដែលយក UN ជាគោលសំខាន់គាំទ្រដោយច្បាប់អន្តរជាតិ មានសារៈសំខាន់ណាស់ ក្នុងការ «លើកកម្ពស់អភិបាលកិច្ចសកលប្រកបដោយយុត្តិធម៌ និងសមធម៌»។

លោក ស៊ី បានបន្ថែមថា៖ «យើងត្រូវតែបន្តលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី បន្តរក្សាស្ថិរភាពឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ហើយនិងបន្តគាំទ្របរិយាកាសអន្តរជាតិមួយ ដែលមានភាពបើកចំហ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា»។
ការអត្ថាធិប្បាយរបស់លោក ស៊ី កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចូលកាន់តំណែងកាលពីខែមករា បានធ្វើឲ្យទីផ្សារច្របូកច្របល់ ដោយការដំឡើងអត្រាពន្ធលើប្រទេសនានាជុំវិញពិភពលោក។ ទោះបីពន្ធគយមួយចំនួន ត្រូវបានពន្យារពេលចាប់តាំងពីពេលនោះមកក៏ដោយ ក៏ទីក្រុងប៉េកាំងត្រូវប្រឈមជាមួយនឹងការតព្វកិច្ចពន្ធរហូតដល់ទៅ ១៤៥ភាគរយ។
អំឡុងទស្សនកិច្ច នៅម៉ាឡេស៊ី លោក ស៊ី បានបញ្ជាក់ថា ប្រទេសចិននឹងធ្វើការជាមួយម៉ាឡេស៊ី និងប្រទេសដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បី «ប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវចរន្តនៃការប្រឈមមុខដាក់គ្នាផ្នែកភូមិសាស្ត្រនយោបាយ និងដែលកើតចេញពីក្រុមលម្អៀង» ក៏ដូចជា «ចរន្តឯកតោភាគីនិយម និងគាំពារនិយម»៕