
រដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi នៅថ្ងៃពុធ (ទី១៦ ខែមេសា) នេះ បាននិយាយថា សិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺមិនប្រែប្រួលនោះទេ ដោយការលើកឡើងនេះកើតមានមុនកិច្ចចរចាជុំទី២ នៅប្រទេសអូម៉ង់ នាចុងសប្តាហ៍នេះ ជាមួយសហរដ្ឋអាមេរិក អំពីកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ទីក្រុងតេអេរ៉ង់។
លោក Araqchi បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ ដោយអ្នកចរចាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff ដែលបាននិយាយថា ទីក្រុងតេអេរ៉ង់ត្រូវតែ «បញ្ឈប់ និងលុបបំបាត់ការការចម្រាញ់នុយក្លេអ៊ែររបស់ខ្លួន» ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Araqchi បាននិយាយថា៖ «យើងបានឮសេចក្តីថ្លែងការណ៍ផ្ទុយពីលោក Witkoff ប៉ុន្តែជំហរពិតប្រាកដ នឹងត្រូវបានបង្ហាញយ៉ាងច្បាស់លាស់នៅតុចរចា។ យើងត្រៀមខ្លួនជាស្រេច ក្នុងការសាងទំនុកចិត្តទាក់ទងនឹងការព្រួយបារម្ភដែលអាចកើតមានលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ប៉ុន្តែគោលការណ៍នៃការចម្រាញ់ គឺមិនប្រែប្រួលឡើយ»។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងបើកកិច្ចចរចាជុំទី២ ក្នុងប្រទេសអូម៉ង់ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលកំពុងតែឡើងកម្ដៅរបស់ទីក្រុងតេអេរ៉ង់ ដោយលោកប្រធានាធិបតី Donald Trump បានគំរាមចាត់វិធានការយោធា ប្រសិនបើមិនមានកិច្ចព្រមព្រៀងទេនោះ៕