
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហជីពបុគ្គលិកពន្ធនាគារ នាថ្ងៃពុធ (ទី១៦ ខែមេសា) នេះ បានឲ្យដឹងថា ពន្ធនាគារបារាំងត្រូវបានវាយប្រហារជាលើកទី២ ដោយអំពើហិង្សាពេញមួយយប់ ក្នុងនោះមានរួមទាំងរថយន្តចំនួន ៣គ្រឿងត្រូវបានដុត នៅឯពន្ធនាគារ ក្នុងតំបន់ Tarascon ភាគខាងត្បូងប្រទេសបារាំង ខណៈអាជ្ញាធរប្រឹងប្រែងកំណត់អត្តសញ្ញាណអ្នកត្រូវទទួលខុសត្រូវ។
ដោយនិយាយអំពីការវាយប្រហារ នៅតំបន់ Tarascon រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Gerald Darmanin បានប្រាប់ទូរទស្សន៍ CNews TV និងវិទ្យុ Europe 1 ថា «មានការដុតរថយន្ត នៅព្រឹកនេះ»។

សហជីព FO Justice បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា សាលនៃអគារ ក្នុងតំបន់ Meaux ភាគខាងកើតនៃទីក្រុងប៉ារីស ជាកន្លែងដែលឆ្មាំពន្ធនាគារធ្វើការ ក៏ត្រូវបានដុតផងដែរពេញមួយយប់ ហើយរថយន្តរបស់ឆ្មាំពន្ធនាគារដែលធ្វើការនៅតំបន់ Aix-Luynes ភាគខាងត្បូងប្រទេសបារាំង ក៏ដូចគ្នាដែរ។ សហជីពនេះ បានបន្ថែមថា ក្នុងទីក្រុង Tarascon រថយន្ត ៣គ្រឿង ត្រូវបានដុតនៅចំណត។
គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះ ពន្ធនាគារយ៉ាងតិចចំនួន ៦កន្លែង ដែលខ្លះមានក្រុមឧក្រិដ្ឋជនដ៏គ្រោះថ្នាក់បំផុតមួយចំនួនរបស់ប្រទេសនេះ បានរងការវាយប្រហារដោយកាំភ្លើង និងការដុត។
លោក Darmanin ដែលកាលពីថ្ងៃអង្គារបាននិយាយថា ការវាយប្រហារគឺជាអំពើភេរវកម្មនោះ នៅថ្ងៃពុធនេះ បានបញ្ជាក់ថា លោកមិនអាចដកចេញនូវសេណារីយ៉ូណាមួយឡើយ ប៉ុន្តែថា មនុស្សដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន អាចនឹងព្យាយាមបំផិតបំភ័យអាជ្ញាធរ និងអ្នកដែលធ្វើការនៅក្នុងពន្ធនាគារ៕