មន្ត្រីក្នុងតំបន់បាននិយាយថា ទូកមួយបានក្រឡាប់បន្ទាប់ពីមានភ្លើងឆេះនៅភាគពាយ័ព្យនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន។

មនុស្សរាប់សិបនាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីឧបទ្ទវហេតុនៅលើដងទន្លេកុងហ្គោកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ហើយភាគច្រើននៃពួកគេត្រូវបានភ្លើងឆេះរលាកធ្ងន់ធ្ងរ។

ការស្វែងរកអ្នកបាត់ខ្លួនកំពុងដំណើរការជាមួយក្រុមសង្គ្រោះដែលគាំទ្រដោយកាកបាទក្រហម និងអាជ្ញាធរខេត្ត។
លោក ខុមប៉េតិន ឡូយ៉ូកូ (Compétent Loyoko) ស្នងការទន្លេ បាននិយាយថា ទូកឈើដែលមានអ្នកដំណើរប្រហែល ៤០០ នាក់បានឆេះនៅជិតក្រុង អឹមបានដាកា(Mbandaka) ។

គ្រោះថ្នាក់តាមទូកគឺជារឿងធម្មតានៅក្នុងប្រទេសអាហ្រ្វិកកណ្តាល ដែលការធ្វើដំណើរនៅពេលយប់ជ្រៅ និងនាវាតូចចង្អៀតផ្ទុកមនុស្សលើសចំណុះ ត្រូវបានស្តីបន្ទោស។
អ្នកនៅរស់រានមានជីវិតប្រហែល១០០នាក់ ត្រូវបានគេនាំទៅកាន់ទីជម្រក នៅសាលាក្រុង អឹមបានដាកា។ អ្នកដែលមានរបួសរលាកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក។
លោក ឡូយ៉ូកូ បាននិយាយថា ភ្លើងបានឆាបឆេះ ខណៈស្ត្រីម្នាក់កំពុងចម្អិនម្ហូបនៅលើទូក៕