ក្រសួងការបរទេសរបស់ប្រទេសចិនកាលពីថ្ងៃពុធសប្ដាហ៍នេះបានជំរុញឱ្យសហរដ្ឋអាមេរិកបោះបង់ចោលសម្ពាធ ការគំរាមកំហែង និងវិធីសាស្ត្របង្ខិតបង្ខំរបស់ខ្លួនលើបញ្ហាពាណិជ្ជកម្ម។

សេតវិមានកាលពីថ្ងៃអង្គារបានចេញសេចក្តីថ្លែងការណ៍មួយដោយអានថា ប្រទេសចិនឥឡូវនេះប្រឈមនឹងពន្ធរហូតដល់២៤៥%លើការនាំចូលទៅកាន់សហរដ្ឋអាមេរិកដោយសារតែសកម្មភាពសងសឹក របស់ខ្លួន។ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt ក៏បានអះអាងផងដែរថា បាល់គឺនៅក្នុងដៃរបស់ប្រទេសចិន លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ អ្នកនាំពាក្យចិន លោក Lin Jian បានរំលឹកឡើងវិញនូវជំហរដ៏មុតមាំរបស់ប្រទេសចិន។ សង្គ្រាមពន្ធ និងពាណិជ្ជកម្មគ្មានអ្នកឈ្នះទេ។ ចិនមិនចង់ប្រយុទ្ធនឹងសង្គ្រាមទាំងនេះទេ ប៉ុន្តែក៏មិនខ្លាចដែរ។
លោក Lin បានចង្អុលបង្ហាញថា សង្រ្គាមពន្ធនេះត្រូវបានផ្តួចផ្តើមឡើងដោយភាគីសហរដ្ឋអាមេរិក ហើយវិធានការតបតដែលចាំបាច់ធ្វើឡើងដោយភាគីចិនគឺដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងភាពមិនលម្អៀង និងយុត្តិធម៌អន្តរជាតិ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រសិនបើភាគីអាមេរិកពិតជាចង់ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការចរចា គួរតែបោះបង់ការដាក់សម្ពាធខ្លាំង បញ្ឈប់ការគំរាមកំហែង និងការបង្ខិតបង្ខំ ហើយចូលរួមការសន្ទនាជាមួយភាគីចិន ដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក៕